(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច លោក នុត ពុធដារ៉ា ពីអភិបាលរងខេត្តក្រចេះ មកជាអភិបាលរងខេត្តកណ្តាលវិញ ដែលជំនួសកន្លែងលោក គង់ សោភ័ណ្ឌ ដែលត្រូវបានតែតាំងជាអភិបាលខេត្តកណ្តាល។ នេះបើតាមអនុក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ។

អនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ផ្ទេរភារកិច្ចលោក នុត ពុធដារ៉ា ឋនន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ឲ្យមកកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលរងខេត្តកណ្តាល»

សម្រាប់ប្រវត្តិចូលបម្រើការងាររបស់លោក នុត ពុធដារ៉ា មានដូចខាងក្រោម៖

*លោក នុត ពុធដារ៉ា បច្ចុប្បន្នឋានន្តរសក្ដិ ឧត្តមមន្ត្រីថ្នាក់លេខ២ ជាមន្ត្រីរាជការមួយរូប ដែលបានចូលបម្រើការងារតាំងពីឆ្នាំ១៩៩២ ជាមន្ត្រីនគរបាលជាតិ
*បន្ទាប់មកជាមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី
*បន្តជាមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានកាន់តំណែងជាបន្តបន្ទាប់ ជាអនុប្រធានការិយាល័យ ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និងជាអគ្គនាយករងរដ្ឋបាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
*នៅឆ្នាំ២០០៥ លោកត្រូវបានផ្ទេរមកបំរើការងារជាអភិបាលរងខណ្ឌឬស្សីកែវ
*នៅឆ្នាំ២០១២ លោកត្រូវបានតែងតាំងឲ្យកាន់តំណែងចំនួនពីរអណត្តិជាអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយចប់អាណត្តិអភិបាលខណ្ឌ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ លោកត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ហើយបច្ចុប្បន្នត្រូវបានផ្ទេរភារកិច្ច ជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ហើយបច្ចុប្បន្ន លោកក៏ជាជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រីផងដែរ។

អ្វីដែលគេនៅចងចាំមិនភ្លេចអំពីការខិតខំប្រឹងប្រែង និងស្នាដៃរបស់លោក នុត ពុធដារ៉ា កាលនៅជាអភិបាលខណ្ឌដង្កោ គឺលោកតែបានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាប់ជាប្រចាំ និងបានដោះស្រាយបញ្ហា សំណើ សំណូមពរ និងបំពេញតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោបានទាន់ពេលវេលា ហើយចំពោះលទ្ធផលការបោះឆ្នោតកន្លងមក ទាំងថ្នាក់ជាតិ និងថ្នាក់សង្កាត់គណបក្សប្រជាជនកម្ពុជា នៅខណ្ឌដង្កោ ក៏តែងទទួលបានជោគជ័យនៅរាល់ការបោះឆ្នោត៕