(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជាជាប្រទេសប្រើប្រព័ន្ធបោះឆ្នោតគ្មានតម្រូវឱ្យកែរដ្ឋធម្មនុញ្ញ ដើម្បីផ្ទេរតំណែងទៅកាន់ទាយាទនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ បន្ទាប់ពីមានការជជែកពីក្រុមមនុស្សមួយចំនួននៅតាមបណ្តាញតេឡេក្រាម ដែលចង់ឱ្យមានការកែរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យមានការផ្ទេរតំណែង នាយករដ្ឋមន្ត្រីពីសម្តេច ទៅកាន់កូនរបស់ខ្លួនពេលមានបញ្ហាអ្វីមួយ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកការផ្តួចផ្តើមគំនិតនេះ ជាការគិតមិនត្រឹមត្រូវនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា សូម្បីតែការស្នងព្រះរាជបល្ល័ង្ក ក៏មិនមានការផ្ទេរទៅព្រះរាជទាយាទនោះដែរ។

តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ការស្នងរាជបល្ល័ង្កបន្តត្រូវជ្រើសរើសដោយក្រុមប្រឹក្សារាជ្យសម្បត្តិ។ សមាសភាព នៃក្រុមប្រឹក្សារាជ្យសម្បត្តិ រួមមាន៖ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី, សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ, អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា, អនុប្រធានទី១ និងអនុប្រធានទី២ រដ្ឋសភា។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអ្នកលើកគំនិតឱ្យកែរដ្ឋធម្មនុញ្ញផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅទាយាទនេះ ទៅសិក្សារដ្ឋធម្មនុញ្ញឡើងវិញ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជា ជាប្រទេសប្រកាន់របបបោះឆ្នោត គ្មានឡើយការផ្ទេរអំណាច។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមាត្រា១២៥ បានចែងថា តំណែងនាយករដ្ឋមន្ត្រី ពេលនៅទំនេរជាស្ថាពរ នឹងត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មី។ ដោយឡែកបើ នាយករដ្ឋមន្ត្រីទំនេរមួយ កាលមួយគ្រាត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្ដីទីជាបណ្ដោះអាសន្ន។

ក្នុងពិធីចែកសញ្ញាបត្រព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីផងដែរថា នឹងគ្មានការកែរដ្ឋធម្មនុញ្ញសម្រាប់ប្រព័ន្ធបោះឆ្នោតនៅក្នុងរដ្ឋសភាពីប្រព័ន្ធ៥០ បូក១ ទៅប្រព័ន្ធដទៃនោះឡើយ។

កាលពីឆ្នាំ២០០៦ រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានធ្វើវិសោធនកម្មប្តូរប្រព័ន្ធបោះឆ្នោតក្នុងរដ្ឋសភាពីសំឡេង ២ភាគ៣ ទៅជា ៥០បូក១។ ការប្តូរនេះ មានគោលបំណងកុំឱ្យមានការជាប់គាំងផ្នែកនយោបាយ ដែលដើមឡើយមានការកំណត់ថា ការបង្កើតរដ្ឋាភិបាលថ្មីតម្រូវឱ្យរកសំឡេង ២ភាគ៣ ហើយបើរកមិនបានទេ ត្រូវរកដៃគូមកធ្វើរដ្ឋាភិបាលចម្រុះ។

ការធ្វើវិសោធនកម្មប្តូរពីប្រព័ន្ធ ២ ភាគ៣ ទៅ ៥០ បូក១ នៅពេលនោះ មានការចូលរួមគាំទ្រពីលោក សម រង្ស៉ី អតីតប្រធានគណបក្សសម រង្ស៉ី និងសមាជិកបក្សរបស់លោកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រព័ន្ធបោះឆ្នោតក្នុងរដ្ឋសភា ៥០ បូក ១ ជាប្រព័ន្ធមួយជួយកុំឱ្យជាប់គាំងក្នុងការបង្កើតរាជរដ្ឋាភិបាល និងដើម្បីការពារអ្នកចាញ់ឆ្នោតចង់ឡើងមកដឹកនាំរាជរដ្ឋាភិបាលផងដែរ៕