(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០ នៃព្រឹទ្ធសភា) តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានាថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលី សុំទឹកសុំដីដើម្បី កសាងដងទង់មួយគូ ស្ថិតនៅវត្តព្រះសុគន្ធមានបុណ្យ នៅឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល។ នៅក្នុងពិធីនោះ មានអញ្ជើញចូលរួមថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងយាយជី តាជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តចំនួន ២០០នាក់។

ដងទង់មួយគូ ដែលត្រូវធ្វើពិធីក្រុងពលីសុំទឹកសុំដី ដើម្បីកសាងនាពេលនេះ នឹងត្រូវចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឱ្យហើយរួចរាល់ជាស្ថាពរ ដោយត្រូវចំណាយអស់ថវិកាសរុបចំនួន ២៤,០០០ដុល្លារ ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនំាប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធភា នៃកម្ពុជា ជូនចំពោះព្រះតេជគុណព្រះចៅអធិកាវត្ត អាជ្ញាធរដែនដី យាយជី តាជី និងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីសេចក្តីជ្រះថ្លានាថ្ងៃនេះ ជូនដល់បងប្អូនទាំងអស់ឱ្យទទួល បាននូវកុសល់ផលបុណ្យស្មើៗគ្នា។

លោក ម៉ម ប៊ុននាង បានថ្លែងថា ដោយប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ក្រោមការដឹកនាំដើរលើផ្លូវដ៏ត្រឹមត្រូវរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ធ្វើឱ្យប្រជាជនគ្រប់រូបកំពុងសប្បាយរីករាយនូវសមិទ្ធផលជាច្រើនរួមមាន៖ ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវលំជនបទ ស្ពានអាកាស ស្ពានឆ្លងកាត់ទន្លេ ដែលជាសរសៃឈាមសេដ្ឋកិច្ច ដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការរីកចម្រើន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោកបានបញ្ជាក់ថា សមិទ្ធផលនៃសន្តិភាពនេះហើយ ធ្វើឱ្យប្រទេសយើងមានការអភិវឌ្ឍទាំង វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត សាលារៀន មន្ទីរពេទ្យ អណ្តូងទឹក ភ្លើងអគ្គិសនី រោងចក្រ កសិដ្ឋាន សំណង់តូចធំ និងវត្តអារាមជាដើម ទាំងនេះធ្វើឱ្យមានវិនិយោគិនបរទេស និងអ្នកទេសចរណ៍អន្តរជាតិមកវិនិយោគ និងទស្សនាប្រទេសកម្ពុជា កើនឡើងជាលំដាប់ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើច្រើន និងទទួលបាននូវផលប្រយោជន៍ដល់សង្គមជាតិ ប្រជាជន និងកូនចៅប្រជាពលរដ្ឋជំនាន់ក្រោយៗទៀត។

ជាមួយគ្នានេះ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ។ សូមឧស្សាហ៍ដុសលាង សម្អាតមុខមាត់ ដៃជើង និងខ្លួនប្រាណជាមួយសាប៊ូ ឬសារធាតុសម្លាប់មេរោគដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ ជាពិសេសត្រូវចូលរួមហាត់កីឡា និងទទួលទានទឹកឱ្យបានច្រើន។

បន្ទាប់មកទៀត លោក ម៉ម ប៊ុននាង បាននាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ព្រមទាំងនាំយកអំណោយចែកជូនដល់យាយជី តាជី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តដែលចូលរួមចំនួន២០០នាក់ ដែលក្នុងម្នាក់ៗទទួលសារុងចំនួន០១ និងថវិកាចំនួន២ម៉ឺនរៀល៕