(ភ្នំពេញ)៖ រថយន្ត Flying Spur ស៊េរីថ្មី ដែលជាប្រភេទរថយន្ត Grand Touring Sedan ដ៏មហាប្រណីត ធ្វើការបង្ហាញខ្លួនជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ហើយនៅពេលនេះ អាចមកទិញបាននៅឯសាលតាំងបង្ហាញរថយន្ត Bentley ក្នុងរាជធានីភ្នំពេញ។

លោក Bernd Pichler នាយកក្រុមហ៊ុនរថយន្ត Bentley Motors ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា «រថយន្តម៉ូដែល Flying Spur ជំនាន់ទីបីនេះ គឺជាតឹកតាង បង្ហាញឲ្យឃើញពីភាសារចនាចម្លាក់ នាសហសម័យរបស់រថយន្ត Bentley ហើយវត្តមានដ៏លេខធ្លោ និងគួរឲ្យចាប់ចិត្តរបស់រថយន្តនេះ នៅលើដងផ្លូវ ធ្វើឲ្យគេស្គាល់ច្បាស់ថា នេះជារថយន្ត Bentley ដោយគ្មានការភាន់ច្រឡំឡើយ»។

លោកបន្ដថា ដោយសហការ ជាមួយនឹងភ្នាក់ងារចែកចាយផ្លូវការ របស់យើង គឺក្រុមហ៊ុន Bentley Phnom Penh យើងមានសេចក្តីរំភើបរីករាយ ក្នុងការបង្ហាញរថយន្ត Flying Spur ស៊េរីថ្មី ឲ្យអតិថិជនរបស់យើង ក៏ដូចជាអ្នកចូលចិត្តរថយន្ត Bentley នៅក្នុងប្រទេសកម្ពុជា បានឃើញ។

រថយន្ត Flying Spur ស៊េរីថ្មី ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីតម្រូវចិត្តទាំងអ្នកបើកបរ និងអ្នកជិះ ក្នុងលក្ខណៈដែលរថយន្តផ្សេងទៀត មិនអាចធ្វើបានដូច្នេះ ឡើយ។ រថយន្តប្រភេទទ្វារបួននេះ ត្រូវបានរចនាថ្មី តាំងពីផ្នែកខាងក្រោម ដល់ផ្នែកខាងលើ ដោយផ្សំពីទឹកដៃដ៏ល្អបំផុតរបស់អង់គ្លេស ព្រមជាមួយនឹងគ្រឿងបំពាក់ទំនើប និងប្រកបដោយនវានុវត្តន៍។

រថយន្តនេះ ត្រូវបានផលិតឡើង ដោយប្រើប្រាស់តួប្រភេទថ្មីទាំងស្រុង ហើយជំហររាងរៅ របស់រថយន្តប្រៀបបាន នឹងកីឡាករអត្តពលិកម្ម ពីព្រោះភ្លៅផ្នែកខាងមុខ ត្រូវបានរំកិលទៅមុខ ដើម្បីធ្វើឲ្យគម្លាតកង់មុខ និងកង់ក្រោយឆ្ងាយគ្នាបន្តិច។

រាងរៅដ៏ឆើតឆាយ ដូចសាច់ដុំកីឡាករ ជាពិសេសនៅផ្នែកខាងក្រោយ ត្រូវបានធ្វើឲ្យកាន់តែផុសលេចធ្លោ តាមរយៈអំពូល LED ម៉ាទ្រិច បែបគ្រីស្តាល់ជំនាន់ថ្មីបំផុត របស់ម៉ាក Bentley នេះ និងចង្កៀងក្រោយប្រភេទថ្មី ដែលមានសុំស្រោប និងមានរាងជាអក្សរ B។ ការរចនាកង់រង្វង់២១ និង២២ អ៊ិញប្រភេទថ្មី រឹតតែពង្រឹង លក្ខណៈសម្គាល់ និងភាពហំហានរបស់ម៉ូដែល Flying Spur នេះថែមទៀត។

នេះជាលើកដំបូងហើយ សម្រាប់ម៉ូដែល Flying Spur សម័យថ្មី ដែលរូប Bentley ‘Flying B’ ដែលអាចបិទបើកបាន ត្រូវបានលម្អប្រកប ដោយមោទនភាព នៅផ្នែកខាងមុខ រថយន្តម៉ូដែលថ្មីនេះ។ រូបនេះ អាចបញ្ជាបិទបើកដោយស្វ័យប្រវត្តិ ហើយផុសចេញពីផ្នែកខាងក្រោមនិមិត្តសញ្ញា Bentley ដ៏ទំនើបស្រស់ស្អាត។

នៅផ្នែកខាងក្នុងដ៏ស្រស់ឆើតឆាយ លំហូររចនាលាតសន្ធឹង ចាប់ពីតាប្លូខាងមុខប្រភេទថ្មី ដែលមានរាងដូចស្លាបបក្សី ហើយភ្ជាប់ពីកន្លែង អ្នកជិះផ្នែកខាងមុខ ទៅផ្នែកខាងក្រោយ ដើម្បីបង្កើតជារចនាបទថ្មីទាំងស្រុង។ ផ្នែកខាងក្នុង ប្រាកដណាស់ គឺរថយន្ត Bentley ដោយមានបំពាក់ នូវសម្ភារធ្វើពីធម្មជាតិ និងជារបស់ពិត ព្រមជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើន។

អេក្រង់បង្វិល Bentley Rotating Display ដ៏ពិសេស គឺជាគ្រឿងបំពាក់ស្នូល សម្រាប់តាប្លូដែលត្រូវបានច្នៃយ៉ាងស្រស់ស្អាតនេះ។ ផ្ទាំងបញ្ជាកម្រិត HD នេះ គឺបំពាក់ដោយអេក្រង់ ចុចបែបឌីជីថលទំហំ១២.៣ អ៊ិញ ប៊ូតុងដ៏ស្រស់ស្អាត និងលម្អទៅដោយបន្ទះឈើ។ ឧបករណ៍បញ្ជាអេក្រង់ពីចម្ងាយ (Touch Screen Remote Control) ដែលអាចដកបាន ជាគ្រឿងបំពាក់ពិសេស សម្រាប់ប្រើប្រាស់ពីកៅអីខាងក្រោយ។

ឧបករណ៍បញ្ជាដ៏ទំនើបទាន់សម័យនេះ អាចបញ្ជារាល់មុខងារសំខាន់ៗទាំងអស់ រាប់បញ្ចូលទាំងព្រិលបាំងថ្ងៃ មុខងារគ្រប់គ្រងសីតុណ្ហភាព និងមុខងារម៉ាស្សា ពូកខាងក្រោយ។ ឧបករណ៍បញ្ជានេះ ក៏អាចបញ្ជាលើប្រព័ន្ធអំពូលច្រើនយ៉ាង របស់រថយន្ត Flying Spur ផងដែរ។ ផាសុកភាព និងការសម្រិតសម្រាំងឥតខ្ចោះ សម្រាប់ផ្នែកខាងក្នុងដ៏ទូលាយ ត្រូវបានពង្រឹងថែមទៀត តាមរយៈការបំពាក់នូវបន្ទះឈើមួយសន្លឹក ឬពីរសន្លឹក (Single or Dual Veener)។

ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ រថយន្ត Bentley បានបំពាក់នូវពូកស្បែករចនាបទថ្មីទាំងស្រុង ដែលមានការដេរ រចនាស្បែករាងគ្រាប់ពេជ្រ សម្រាប់ Mulliner Driving Specification។ នេះជាលើកដំបូងហើយ ក្នុងពិភពលោក ដែលផ្ទៃទ្វារស្បែក ត្រូវបានដេរជារាងគ្រាប់ពេជ្របែប 3D។

ដំបូលកញ្ចក់ ដែលអាចបំពាក់ ទៅតាមជម្រើសនោះ លាតសន្ធឹងពេញផ្ទៃដំបូល ដែលធ្វើឲ្យផ្ទៃខាងក្នុងមានពន្លឺ និងនាំឲ្យអ្នកអង្គុយ ក្នុងរថយន្តមានអារម្មណ៍ពិសេស ក្នុងការធ្វើដំណើរ។ ប្រព័ន្ធសំឡេងដ៏វិសេស មានបំពាក់ទៅដោយប្រព័ន្ធបាស់ Bang & Olufsen ដែលមានបាស់ចំនួន១៦ ព្រមជាមួយនឹងប្រព័ន្ធភ្លេង Naim កម្លាំង ២,២០០ វ៉ាត់។

រថយន្ត Flying Spur ស៊េរីថ្មី ជារថយន្តនាំមុខគេ នៅក្នុងចំណែកទីផ្សារថយន្តប្រណីត សម្រាប់បច្ចេកវិទ្យា ទំនើបទាន់សម័យរបស់ខ្លួន។ ប្រព័ន្ធជំនួយអ្នកបើកបរ រួមមានកាម៉េរ៉ាពេលយប់ (Night Vision infra-red camera) ជំនួយចរាចរណ៍ (Traffic Assist) ប្រព័ន្ធផ្ដល់សញ្ញាអំពីវត្ថុមើលពុំឃើញ (Blind Sport Warning) និងប្រព័ន្ធបង្ហាញព័ត៌មាន នៅលើកញ្ចក់មុខ (Head-Up Display) ។

គ្រឿងបំពាក់សម្រាប់ភ្ជាប់មុខងារ ទំនាក់ទំនងផ្សេងៗរួមមាន៖ មុខងារ Wi-Fi hotspot ជាដើម ជួយឲ្យអ្នកបើកបរអាចប្រើប្រាស់មុខងារ និងសេវាផ្សេងៗបានភ្លាមៗ ក្នុងពេលតែមួយ។ ដោយសារតែសាក់ស៊ីប្រភេទថ្មីទាំងស្រុង និងទំនើបធ្វើពីអាលុយមីញ៉ូម និងកាបូន ធ្វើឲ្យរថយន្ត Flying Spur ក្លាយជាមហាសមិទ្ធផល ផ្នែកបច្ចេកវិទ្យា។

បច្ចេកវិទ្យាចង្កូត មានដំណើរការលើគ្រប់កង់ ដោយប្រព័ន្ធភ្លើង ត្រូវបានប្រើប្រាស់លើកដំបូង សម្រាប់រថយន្តម៉ាក Bentley ដែលបញ្ចូលគ្នា ជាមួយនឹងប្រព័ន្ធ Active All-Wheel Drive និង Bentley Dynamic Ride – ជាប្រព័ន្ធភ្លើងប្រឆាំងការរអិលដំបូងគេ ដែលមានកម្លាំង 48V - ដើម្បីធ្វើឲ្យការបើកបរ និងការធ្វើដំណើរ មានភាពអស្ចារ្យ។

គ្រឿងបំពាក់ទំនើបសំខាន់មួយទៀត គឺបូមខ្យល់បីថតប្រភេទថ្មី ដែលផ្ដល់ភាពងាយស្រួលជាងមុន ក្នុងការកំណត់ប្រព័ន្ធបូម ពីការជិះក្នុងលក្ខណៈជារថយន្ត limousine ទៅជាការជិះ ក្នុងលក្ខណៈជារថយន្តស្ព័រ។ ប្រព័ន្ធនេះ អនុញ្ញាតឲ្យរថយន្ត Flying Spur មានសមត្ថភាពកាន់តែច្រើន ដែលពុំធ្លាប់មានពីមុនមកឡើយ សម្រាប់រថយន្តប្រណីត។

ចំណុច ជាបេះដូងរបស់រថយន្ត Flying Spur គឺម៉ាស៊ីនប្រភេទថ្មី របស់ Bentley ជាប្រភេទម៉ាស៊ីន 6.0-litre, W12 ទែរបូភ្លោះ ភ្ជាប់ទៅនឹងប្រព័ន្ធប្រអប់លេខ៨លេខ ដ៏ទំនើបដែលមានអំាំប្រ៊ីយ៉ាស្វ័យប្រវត្តិភ្លោះ សម្រាប់ការដូរលេខកាន់តែលឿន និងរលូនជាងមុន។ ម៉ាស៊ីន TSI ប្រភេទថ្មីនេះ ជួយឲ្យរថយន្តមានសន្ទុះល្បឿនពី ០-១០០km/h ដោយប្រើពេលតែ៣.៨វិនាទីប៉ុណ្ណោះ ហើយល្បឿនអតិបរមា គឺ៣៣៣គីឡូម៉ែត្រក្នុងមួយម៉ោង៕