(កំពង់ចាម)៖ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែកុម្ភៈ និងទិសដៅខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២០។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រីនាយ នាយរងការិយាល័យ លោកនាយផ្នែកបេតិកភ័ណ្ឌ លោកអធិការ អធិការរងនគរបាលស្រុក-ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុបអ្នកចូលរួមមានចំនួន៣៥២នាក់។

ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯក វ៉ា សុធារ៉ា ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ អំពីលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកុម្ភៈ ដោយពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបងប្អូនទាំងអស់ ដែលបានខិតខំប្រឹងប្រែងថែរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរ។

បន្ថែមពីនេះ លោកស្នងការ បានប្រគល់សៀវភៅគោល ស្តីពីលំហាត់របៀបសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា និងសៀវភៅរបាយការណ៍បូកសរុបលទ្ធផល ប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំមានសុវត្ថិភាព» ២០១៩ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ ផ្តល់ជូនលោកលោកស្រីស្នងការរង លោក លោកស្រីស្នងការរង លោកអធិការស្រុក ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩៕