(ឧត្តរមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជាគ្រឿងឧបភោគ និងបរិភោគ ជូនដល់ប្រជាពលរដ្ឋ ៤៣០គ្រួសារនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលជួបការខ្វះខាតក្នុងជីវភាព។

អំណោយដែលជាទឹកចិត្តសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ និងលោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាកាកបាទក្រហមកម្ពុជា នាំទៅចែកជូនប្រជាពលរដ្ឋនៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះ លោក អ៊ុយ សំអាត បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាមាតាមនុស្សធម៌ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋជួបការលំបាក។

ជំនួសមុខឱ្យប្រជាពលរដ្ឋទទួលបានអំណោយនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយជូនពលរដ្ឋខ្វះខាតនៅក្នុងស្រុងត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ៤៣០គ្រួសារ។

ប្រជាពលរដ្ឋទទួលបានអំណោយនេះ បានបង្ហាញក្តីរីករាយ និងវាយតម្លៃខ្ពស់បំផុតចំពោះទឹកចិត្តពោរពេញដោយសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕