(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងវត្តតេជសុវណ្ណភូមិ ហៅវត្តថ្មី ស្ថិតនៅខាងជើងរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ។

នាឱកាសនោះ លោក ជាម ច័ន្ទ សោភ័ណ បានថ្លែងថា វត្តក្នុងខេត្តត្បូងឃ្មុំ មាន២៤៩វត្ត បើសិនវត្តថ្មី កើតឡើងមួយទៀតនោះ គឺមាន ២៥០វត្តហើយ។ ដោយហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀតនេះ ត្រូវចំណាយថ្លៃទិញដីសាងសង់ ចំនួនជាង ១៧ម៉ឺនដុល្លារ សម្រាប់ទីធ្លារបស់វត្ត។

លោក ជាម ច័ន្ទសោភ័ណ បានបន្តថា វត្តថ្មី ដែលកំពុងសាងសង់នេះ នៅមិនឆ្ងាយពីបុរី រដ្ឋបាលខេត្តត្បូងឃ្មុំនោះទេ គឺចម្ងាយប្រមាណ ៣គីឡូម៉ែត្រប៉ុណ្ណោះ ដើម្បីជាប្រយោជន៍ សម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាពុទ្ធបរិស័ទ នៅទីឆ្ងាយមក ធ្វើបុណ្យតាមប្រពៃណីសាសនា ហើយទីវត្តអារាមនេះ គឺមានសារៈសំខាន់ណាស់ ដែលជួយបណ្តុះស្មារតីឱ្យជៀសផុតពីអប្បាយមុខផ្សេងៗផងដែរ។

ជាមួយនេះដែរ ការរីកចម្រើន និងការអភិវឌ្ឍន៍ នូវវិស័យពុទ្ធចក្រនេះ ក៏ដោយសារប្រទេសជាតិមានសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសជាតិ ឱ្យមានសុខសន្តិភាព ដូចសព្វថ្ងៃនេះ ហើយដោយសារ កត្តាសុខសន្តិភាពនេះ ហើយទើបរុញច្រានឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺអភិវឌ្ឍន៍រីកចម្រើនព្រមគ្នាតែម្តង និងអភិវឌ្ឍន៍គ្រប់ទិសទីទាំងអស់។

ដូច្នេះ ហើយសូមព្រះតេជគុណ លោកតា លោកយាយ ពូមីង បងប្អូនពិសេសយុវជនជំនាន់ ក្រោយត្រូវចូលរួមចំណែក និងគាំទ្រជាមួយ នឹងរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ឱ្យបានពាក់ព័ន្ធនឹងការបង្កចលាចលរបស់ជនអគតិ មួយចំនួនដែលនាំឱ្យមានអស្ថិរភាពនយោបាយ អស្ថិរភាពសង្គម។

នាឱកាសនោះ លោកអភិបាលខេត្តក៏បានប្រគេនបច្ច័យដល់វត្តថ្មី ចំនួន១០លានរៀល។ ក្នុងពិធីនោះដែរ គណៈអធិបតីព្រមទាំងប្រជាពលរដ្ឋបានធ្វើ ពិធីរាប់បាត និងប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ១០៥អង្គផងដែរ៕