(ក្រចេះ)៖ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសតែងតាំងប្រធានមន្ទីរមុខងារសាធារណៈថ្មីខេត្តក្រចេះ ដោយលោក ក្រឹម ម៉ាឌី អនុប្រធានមន្ទីរសាធារណៈ ត្រូវឡើងជំនួសលោក រស់ ដាវុធ ដែលផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងវិញ។

ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ពីប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តក្រចេះ, អភិបាលរង ប្រធាន អនុប្រធានមន្ទីរ និងកងកម្លាំងទាំង ៣ប្រភេទ បានចូលរួមជាង ៣០០នាក់។

លោក ពេជ្រ ប៊ុនធិន បានបញ្ជាក់ថា មន្ទីរមុខងារសាធារណៈ គឺជាយន្តការខ្សែបណ្ដោយរបស់ក្រសួងមុខងារសាធារណៈដែលមានតួនាទីដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ ឱ្យឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ និងការវិវត្តជាអន្តរជាតិ។

លោក ពេជ្រ ប៊ុនធិន បានឱ្យដឹងថា ការគ្រប់គ្រងវិស័យមុខងារសាធារណៈ ពាក់ព័ន្ធទៅនឹងទិដ្ឋភាពសំខាន់ៗមួយចំនួនដូចជា៖

* ការគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល
* ការកសាងការអនុវត្ត និងការពិនិត្យការអនុវត្តគោលនយោបាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល
* ការពិនិត្យ និងផ្ដល់យោបល់លើការរៀបចំរចនាសម្ព័ន្ធការងាររបស់អង្គភាពនានា ថ្នាក់ក្រោមជាតិ និងការការពារផលប្រយោជន៍ មន្ត្រីរាជការ ហើយជាមួយគ្នានេះដែរនា ពេលថ្មីៗនេះ មន្ត្រីការិយាល័យពាក់ព័ន្ធជុំវិញ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួនប្រមាណជិត ២ម៉ឺននាក់ ក្នុងនោះមន្ត្រីរាជការចំនួន ១៦,០៩៣នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន ៣,៥១៩នាក់ បានធ្វើសមាហរណកម្ម ទៅក្នុងរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌទូទាំងប្រទេស។ ទាំងនេះ គឺជាការបញ្ជាក់អំពីភារកិច្ច និងការទទួលខុសត្រូវបន្ថែមទៀត របស់មន្ត្រីមុខងារសាធារណៈ។

លោករដ្ឋមន្ត្រី ក៏បានជំរុញដល់ប្រធានមន្ទីរថ្មី ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់មន្ទីរឱ្យបានល្អ និងត្រឹមត្រូវទៅតាមគោលការណ៍នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ឆ្លើយតបទៅនឹងគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល «មន្ត្រីរាជការ គឺជាអ្នកបម្រើដ៏ល្អស្មោះត្រង់ និងជាទីទុកចិត្តរបស់ប្រជាជន» ត្រូវធ្វើការប្រាជ្ញាចិត្ត និងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បន្តអនុវត្តការងារ ទៅថ្ងៃអនាគត នឹងខិតខំដោះស្រាយរាល់សំណូមពរ ក៏ដូចជាសេចក្តីត្រូវការជាក់ស្ដែងរបស់មន្ត្រីរាជការ ជាពិសេសនោះ គឺខិតខំពង្រឹងបន្ថែមទៀត លើការទំនាក់ទំនង សហការល្អជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងរដ្ឋបាលក្រុងស្រុកផងដែរ។

លោក ពេជ្រ ប៊ុនធិន បានជំរុញឱ្យមន្ត្រី បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរថែមទៀត ព្រោះមានតែសាមគ្គីភាពផ្ទៃក្នុងទេ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ នៃការផ្ដល់លទ្ធភាព ឱ្យមន្ទីរទទួលបានជោគជ័យ ក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន បន្តពង្រឹងសមត្ថភាពដើម្បីអនុវត្តតួនាទីភារកិច្ចថ្មីៗ តាមរយៈ លិខិតបទដ្ឋានថ្មីពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការ និងការផ្ទេរមុខងារជាដើម -ត្រូវខិតខំការពារ និងបម្រើផលប្រយោជន៍ជូនមន្ត្រីរាជការ និងអង្គភាពនានានៅថ្នាក់ក្រោមជាតិ សំដៅជំរុញនិងលើកទឹកចិត្តដល់អង្គភាព និងមន្ត្រីរាជការ ទាំងនោះស្របតាមបាវចនារបស់ក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈត្រូវធ្វើជាសេនាធិការ ជូនគណៈអភិបាល និងក្រុមប្រឹក្សាពាក់ព័ន្ធ នឹងកិច្ចការមុខងារ សាធារណៈប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីទំនួលខុសត្រូវខ្ពស់។

លោក វ៉ា ថន បានផ្ដាំផ្ញើដល់ប្រធានមន្ទីរចូលកាន់តំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ការងារដូចខាងក្រោម៖

* ត្រូវពង្រឹងសាម្គីភាពផ្ទៃក្នុងទាំងជាមួយថ្នាក់ទឹកនាំខេត្ត មន្ទីរអង្គភាពនានាក្នុងខេត្ត រដ្ឋបាលឃុំ ស្រុក និងមន្រ្តីក្រោមឱវាទ
* ត្រូវបន្តដឹកនាំមន្ទីរ ដោយផ្អែកលើគោលការច្បាប់ លិខិតបទដ្ឋាន គតិយុត្តនានា ធានាប្រសិទ្ធភាពការងារ និងធ្វើគំរូល្អសម្រាបមន្រ្តីក្រោមឱវាទ
* ត្រូវបន្តចូលរួមជម្រុញលើកទឹកចិត្តមន្រ្តីរាជការ ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានឱ្យចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
* ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ សហគម ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត
* ការគ្រប់ក្រងមន្រ្តីរាជការ ចាំបាច់ត្រូវអនុវត្តតាមច្បាប់ និងនីតិវិធីយ៉ាងមឺងម៉ាត
* ត្រូវពង្រឹងការគ្រប់ក្រងវត្តមានមន្រ្តីរាជការ ខតខំបណ្ដុះបណ្ដាលក៏សាងសមត្ថភាពដល់មន្រ្តីក្រោមឱវាទ និងបែងចែកប្រគល់ភារកិច្ចដល់មន្រ្តីរាជការ ឱ្យស្របតាមសមត្ថភាព មុខជំនាញ និងតាមតួនាទី៕