(ភ្នំពេញ)៖ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី ញ៉ែម មរកត បានជំរុញលើកទឹកចិត្តដល់ស្ត្រី ដែលកំពុងតែជួបបញ្ហា កុំអស់សង្ឃឹមត្រូវតែតស៊ូបន្ត ហើយស្ត្រីដែលឆ្លងកាត់បញ្ហា ហើយទទួលបានជោគជ័យគួរតែចូលរួចចំណែកចែករំលែកបទពិសោធន៍ ធ្លាប់ឆ្លងកាត់ជាច្រើនកន្លងមកដល់ស្ត្រីផ្សេងៗ កំពុងមានការលំបាកផងដែរ។

ការថ្លែងយ៉ាងដូច្នេះបានធ្វើឡើងក្នុងកម្មវិធីបើកសម្ពោធភោជនីយដ្ឋាន IDOL Palace របស់អ្នកនាង ម៉ន ថារ័ត្ន ដែលជាសមាជិកសមាគមសហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា បង្កើតឡើងដោយក្រសួង កិច្ចការនារី។ លោកស្រី បានកោតសរសើនាយិកាហាងកែសម្ផស្ស EM Beauty Clinic អ្នកនាង ម៉ន ថារ័ត្ន ដែលជាស្ត្រីអ្នកជំនួញម្នាក់ដែលជួបបញ្ហាច្រើន ជាពិសេសគឺបញ្ហាគ្រួសារនោះថា ជាស្រ្តីម្នាក់ដែលរឹងមាំ និងបានជម្នះបញ្ហាច្រើនរហូតទទួលបានជោគជ័យ ដោយលោកស្រីចាត់ទុកថា នេះជាគំរូមួយសម្រាប់ស្ត្រីផ្សេងទៀត។

លោកស្រី ញ៉ែម មរកត បានបញ្ជាក់ថា «កម្លាំងចិត្ត និងការលើកទឹកចិត្តដល់ស្ត្រីដែលបាក់ទឹកចិត្ត គឺជារឿងសំខាន់ ជាក់ស្តែងអ្នកនាង ម៉ន ថារ័ត្ន ដែលជាម្ចាស់ហាងកន្លងមកធ្លាប់ជួបបញ្ហា ក្នុងក្រុមគ្រួសារច្រើន ហើយតស៊ូតែម្នាក់ឯង ប៉ុន្តែលោកស្រីតែងតែជំរុញឲ្យម្ចាស់ហាងរូបនេះ តស៊ូឲ្យចូលក្នុងសង្គម ស្ត្រីត្រូវតែជួយស្ត្រី និងបានផ្តល់កំលាំងចិត្តជារឿយៗលោកស្រីអ្នកនាង ថារ័ត្ន ចូលរួមក្នុងសង្គមបង្ហាញមុខមាត់នៅលើឆាកអន្តរជាតិ ហើយកន្លងមកអ្នកនាងក៏ បានក្លាយជាតំណាងកម្ពុជាទៅប្រលងកម្មវិធីផ្សេងៗ នៅលើឆាកអន្តរជាតិផងដែរ»

លោកស្រីបន្តថា «ការបរាជ័យការបាក់ទឹកចិត្តរបស់ស្រ្តី គឺជារឿងសំខាន់នៅក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឲ្យបង្កើតសមាគមមួយមានឈ្មោះថា សមាគមសហគ្រិន ស្ត្រីកម្ពុជា ហើយក្រោយមកក៏បានបង្កើត សហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជាបន្ថែមទៀត ក្នុងគោលបំណងឲ្យស្ត្រីមានភាពក្លាហាន ហើយក៏មានឱកាសបានទទួលការមើលថែពីរដ្ឋាភិបាល និងអាចជួយមើលការខុសត្រូវដែលជួបការំលោភបំពានផ្សេងៗផងដែរ។ លោកស្រីបន្តថា ដូច្នេះការជំរុញលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យស្ត្រីឈានជើងចូលក្នុងសង្គមបែបនេះ គឺជារឿងសំខាន់ ជាក់ស្ដែងដូចអ្នកនាង ថារ័ត្ន ផ្ទាល់គឺជាមនុស្សស្រីម្នាក់ដែលរួសរាយរាក់ទាក់ និងបានចូលលើឆាកអន្តរជាតិនាពេលកន្លងមកនោះ ទីបំផុតគាត់អាចជោគជ័យ លោកស្រីសុំសរសើរលើ ស្មារតីខិតខំមួយនេះផងដែរ»

ដោយឡែកអ្នកនាង ម៉ន ថារ័ត្ន បានបញ្ជាក់ថា «មិនមែនជារឿងងាយស្រួលទេ ដែលអ្នកនាងអាចបោះជំហានមកដល់ចំណុចនេះ ព្រោះថាកន្លងមកមានឧបសគ្គច្រើន ការបរាជ័យផ្ទួនៗធ្លាក់ ដល់ចំណុចសូន្យមានការមើលងាយផ្សេងៗ និងត្រូវប្រឹងប្រែងចិញ្ចឹមមើលថែកូននិងមុខជំនួញទៀត គឺតម្រូវឲ្យអ្នកនាងត្រូវតែប្រឹងតស៊ូខ្លាំង ដូច្នេះទម្រាំមានដូចសព្វថ្ងៃនេះ មិនងាយស្រួលទេ។ ពេលនេះអ្នកនាងបានជំនះមកដល់ចំណុចនេះ អ្នកនាងក៏បានចែករំលែកបទពិសោធន៍របស់ខ្លួនទៅដល់ស្ត្រីផ្សេងៗ ដែលជួបបញ្ហាច្រើនផងដែរ ដោយផ្ញើពាក្យមួយទៅកាន់ស្ត្រីផ្សេងៗថា កុំចុះចាញ់ តស៊ូទៅមុខ ថ្ងៃណាមួយយើងនឹងជោគជ័យ»

សូមបញ្ជាក់ផងដែរថា ហាងថ្មីដែលផ្ដើមចេញពីស្ត្រីតស៊ូម្នាក់ទើបបើកសម្ពោធភោជនីយដ្ឋាន IDOL Palaceនេះទល់មុខសាលាACE ទួលគោក គឺអាចចូលរួមចំណែក និងផ្ដល់ការងារដល់ស្ត្រីៗ មួយចំនួន ដែលបានប្រើការនៅហាង ហើយហាងនេះផ្ទាល់ក៏មានទទួលរៀបចំកម្មវិធីផ្សេងៗដូចជា ខួបកំណើត ជប់លៀង ពិធីផ្សេងៗ ដែលមានការបញ្ចុះតម្លៃពិសេស មានបន្ទប់វីអាយភីសម្រាប់ក្រុមហ៊ុន ឬក៏ក្រុមការងារអតិថិជន ដែលចង់បានជាលក្ខណៈផ្ទាល់ខ្លួន ហើយនៅក្នុងឱកាសបើកសម្ពោធថ្មីនេះ ក៏មានការផ្តល់ជូនការបញ្ចុះតម្លៃ ពិសេសដល់អតិថិជនផងដែរ៕