(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារនគរបាលយុត្តិធម៌ ជំរុញឲ្យសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌ ត្រូវខិតខំសិក្សា ដើម្បីពង្រឹងសមត្ថិភាព និងកិច្ចការជំនាញបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យសភាពការណ៍បទល្មើស នៅឆ្នាំ២០២០ មានការថយចុះ។

ក្នុងឱកាសអញ្ជើញបើកវគ្គ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា បានលើកឡើងថា ប្រសិនបើយើងបានត្រៀមខ្លួនបង្ការជាមុន ដើម្បីទប់ស្កាត់រាល់បទលើ្មសបានច្រើន នៅក្នុងរាជធានីភ្នំពេញ សភាពការណ៍បទល្មើសជារួមនឹងមានការថយចុះ។

លោកបានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១៨ កិច្ចសហប្រតិបត្តការណ៍បទល្មើសជារួម បានចំនួន៨៧% ហើយនៅក្នុងឆ្នាំ២០១៩កន្លងមកនេះ កម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបាន ៨៩% មានការកើនឡើង ២% ទាំងនេះសបញ្ជាក់ឲ្យឃើញពីការខិតខំយកចិត្តទុកដាក់ របស់កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស។

អគ្គស្នងការរងនគរបាលជាតិបានបន្តថា វគ្គសិក្សានៅពេលនេះ គឺជាតម្រូវការដ៏ចាំបាច់របស់អង្គភាព ក្នុងនាមនគរបាលវ័យក្មេងត្រូវច្បាមចាប់យកចំណេះវិជ្ជានេះ ដើម្បីបម្រើអង្គភាព បម្រើឲ្យសង្គមជាតិ និងដើម្បីអនាគតខ្លួនឯងទៅថ្ងៃក្រោយផង ត្រូវយកការរៀនសូត្រនៅពេលនេះ ដើម្បីគួបផ្សំជាមួយការអនុវត្ត ជាពិសេសក្នុងការងារប្រចាំថ្ងៃ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយៈពេល៤ថ្ងៃ ដែលមានសិក្ខាកាមចូលរួមប្រមាណ៦០នាក់ ដែលប្រធានបទសិក្សារួមមានក្រមព្រហ្មទណ្ឌ (ផ្តោតលើការកំណត់ធាតុផ្សំបទល្មើស), ក្រមនីតិវិធីព្រហ្មទណ្ឌ (ការស្វែងយល់លើកំណត់ហេតុទាំង២៣គំរូ), នីតិវិធីកសាងសំណុំរឿង, វិធីសាស្ត្រសាកសួរចម្លើយជនសង្ស័យ, វិធីសាស្ត្រស្រាវជ្រាវស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ, ការគ្រប់គ្រង និងតាមដានមុខសញ្ញាព្រហ្មទណ្ឌ។

តាមរបាយការណ៍ឆ្នាំ២០១៩ បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌ ជារួមកើតមានឡើង ៣,១៩៦លើក លើ២,៩៦៩លើក កើន២៧៧លើក ស្មើ៨% ក្នុងនោះបទឧក្រឹដ្ឋ ៧០១លើក លើ៦២១លើក កើន៨០លើក ស្មើ១៣%, បទមជ្ឈឹម២,៤៩៥លើក លើ២,៣៤៨លើក កើន១៤៧លើក ស្មើ៦%, បណ្ដាលឲ្យស្លាប់មនុស្សចំនួន២១១នាក់ របួស៨២៩នាក់ រងគ្រោះ១,៤១២នាក់ និងបាត់បង់សម្ភារ មាសប្រាក់មួយចំនួនទៀត។ ចំពោះសភាពការណ៍បទល្មើសខាងលើ កម្លាំងសមត្ថិកច្ចបានបើកកិច្ចប្រតិបត្តការបង្ក្រាបទទួលបាន លទ្ធផលខ្ពស់រហូតដល់៨៩%៕