(ភ្នំពេញ)៖ ទីបំផុតក្រុមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានការពារតំណែងជើងឯកពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៧ បានសម្រេចដូចបំណង ក្រោយយកឈ្នះក្រុមក្រសួងសុខាភិបាលដោយលទ្ធផល ៥-៣ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៅទីលាន Premium Sport Club នៅល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះបានបញ្ចប់ដោយតានតឹងបំផុត ដោយវគ្គទី១ ក្រសួងសុខាភិបាលបាននាំមុខ ២-១ មុន តែត្រូវក្រុមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វាយបកតាមស្មើ ៣-៣ នៅវគ្គទី២។ បន្ទាប់មកអាជ្ញាកណ្ដាល ក៏សម្រេចបន្ថែមម៉ោង ១០នាទី ២ដង ដើម្បីទាត់កាត់សេចក្ដី ហើយក្រុមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ថែម ២គ្រាប់ទៀត ដើម្បីគ្រងតំណែងជើងឯកជាលើកទី៣ តែម្ដង។

សម្រាប់ពិធីបិទការប្រកួត និងប្រគល់រង្វាន់ជយលាភី ក្នុងការប្រកួតពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៧ នេះដែរ បានធ្វើឡើងក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកផ្ដួចផ្ដើមបង្កើតពាននេះឡើង រួមទាំងលោក សុខ សប្បាយណា ប្រធានគណៈកម្មាធិការរៀបចំការប្រកួត ព្រមទាំងវត្តមានតំណាងក្រសួង-ស្ថាប័ន និងអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី បានបង្ហាញនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមបាល់ទាត់គ្រប់ក្រសួង-ស្ថាប័ន ដែលបានចូលរួមប្រកួតដោយស្មារតីសាមគ្គីភាព និងបង្ហាញភាពជាគំរូល្អដល់យុវជនដទៃ ពិសេសសហការធ្វើឲ្យការប្រកួតខាងលើបានដំណើរការដោយជោគជ័យ។ ចំពោះការប្រកួតពាននេះ បានដំណើរការប្រកួតតាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដោយមាន ៣១ក្រុមចូលរួម៕