(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើឲ្យស្ថាប័នមានការពាក់ព័ន្ធ ត្រូវប្រឹងប្រែងប្រមូលពន្ធចំណូលជូនរដ្ឋ ចំណាយមានការសន្សំសំចៃខ្ពស់ និងកាត់បន្ថយការ ចំណាយខ្ជះខ្ជាយផ្សេងៗ ខណៈនៅលើពិភពលោក មានជះឥទ្ធិពល ជុំវិញករណី Covid-19។

ការស្នើបែបនេះ ធ្វើឡើងនៅខណៈលោកអភិបាលខេត្ត ដឹកនាំក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត និងអភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអង្គភាពចំណុះជុំវិញខេត្តកំពតប្រមាណជិត ១០០នាក់។

ទន្ទឹមគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានលើកឡើងដែរថា កិច្ចប្រជុំរបស់គណៈអភិបាលខេត្ត គឺតែងប្រព្រឹត្តទៅតែមួយដងប៉ុណ្ណោះ ក្នុងរយៈពេល១ខែ ដើម្បីជួបប្រជុំ ត្រួតពិនិត្យរាល់ សកម្មភាពការងារដែលសម្រេចបានក្នុងខែកន្លងទៅ ព្រមទាំងរួមគ្នាត្រួតពិនិត្យពិភាក្សា បញ្ហាប្រឈម ចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្ត និងការដោះស្រាយ ដើម្បីធ្វើយ៉ាងណា យើងរួមគ្នាកែលម្អ ដោះស្រាយឲ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា និងអនុវត្តឲ្យបានចំគោលដៅ មានប្រសិទ្ធភាព ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចក្នុងខេត្តកំពតផងដែរ ក្នុងការអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងបម្រើជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

ក្នុងនោះលោកអភិបាលខេត្ត ក៏បានសំណូមពរ និងជំរុញដល់អាជ្ញាធរ ដែលជាអភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត រាល់កិច្ចប្រជុំរបស់គណៈអភិបាលខេត្តប្រចាំខែនីមួយៗ បើពុំមានករណីចាំបាច់ ក្នុងការអវត្តមាននោះទេ សូមឱ្យអភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំមន្ទីរត្រូវមានវត្តមានចូលរួមប្រជុំឲ្យបាន ទៀងទាត់គ្រប់គ្នា ជៀសវាងការចាត់ឲ្យតំណាងចូលរួម ដែលនាំឱ្យធ្វើការពិបាកនឹងសម្រេច នៅពេលជួបបញ្ហាប្រឈម ណាមួយដែលត្រូវលើកក្នុងកិច្ចប្រជុំដើម្បីធ្វើការដោះស្រាយឲ្យមានប្រសិទ្ធភាព និងលទ្ធផលផងនោះ។

ព្រោះបញ្ហានៃការដោះស្រាយ គឺយើងមិនត្រូវទុកឱ្យអូសបន្លាយ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំបានឡើយ បើធ្វើដូច្នោះយើងមិនអាចធ្វើការឆ្លើយតប ទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋបានឡើយ។ លោកក៏បានជម្រុញណែនាំឱ្យមានការបង្កើនការយកចិត្តទុកដាក់ ខិតខំអនុវត្តនូវទិសដៅការងារ និងដោះស្រាយក្នុងដែនសមត្ថកិច្ច របស់ខ្លួននីមួយៗ ឲ្យបានកាន់តែសម្រេចប្រសើរឡើងថែមទៀតផងដែរ៕