Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកសន្ដិបណ្ឌិត សុខ ផល ផ្សព្វផ្សាយលទ្ធផល សន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន ជូនសមាជិកទាំងអស់ នៅស្រុកបាណន់ ខេត្តបាត់ដំបង

01-03-2020 13:45

(បាត់ដំបង)៖ លោកសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈពង្រឹងចុះមូលដ្ឋាន ស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញចូលរួម ពិធីផ្សព្វផ្សាយលទ្ធផល នៃមហាសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ នៅទីស្នាក់ការគណបក្សស្រុកបាណន់ ខេត្ដបាត់ដំបង។

ពិធីនេះ មានការចូលរួម ពីមន្ត្រីបង្គោលបក្សស្រុក សាខាបក្សនៃអង្គភាពជុំវិញស្រុក យុវជនបក្ស ព្រមទាំងប្រធានក្រុមការងារ-ប្រធានបក្សបណ្តាឃុំ នៃស្រុកបាណន់ សរុបចំនួន៣៣៣នាក់។ អង្គពិធីបានប្រព្រឹត្ត ទៅតាមគោលការ និងខ្លឹមសារណែនាំ របស់សម្តេចប្រធានក្រុមការងារបក្ស ខេត្តបាត់ដំបង។

ជាទិសដៅបន្ត ក្រុមការងារ និងគណបក្សបណ្តាឃុំ ចំណុះទាំង៨ នឹងរៀបចំពិធីផ្សព្វផ្សាយតាមឃុំរៀងៗខ្លួន។

បន្ទាប់ពីបញ្ចប់ពិធីផ្សព្វផ្សាយខាងលើ លោកសន្ដិបណ្ឌិត សុខ ផល រួមជាមួយ ថ្នាក់ដឹកនាំក្រុមការងារ និងគណបក្សស្រុកបាណន់ បានប្រជុំពិភាក្សា និងលើកទិសដៅ ការងារ ដឹកនាំបក្ស ថ្នាក់ស្រុក ឃុំ ដោយផ្អែកតាម ខ្លឹមសារណែនាំ ក្នុងឯកសារជំនួយស្មារតី របស់ថ្នាក់កណ្តាល និងអនុសាសន៍ដឹកនាំ របស់សម្តេចក្រឡាហោម នាអង្គប្រជុំ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងនោះផ្តោតសំខាន់លើ៖

* ធ្វើបច្ចុប្បន្នភាព លើការងារគ្រប់គ្រង រចនាសម្ព័ន្ឋចាត់តាំងបក្ស និងពង្រឹងពង្រីកសមាជិកបក្ស ពិសេសក្នុងស្រទាប់យុវជន
* ពង្រឹងនិងរៀបចំការងារប្រចាំការ និងផ្នែកជំនួយការ នៅទីស្នាក់ការគណបក្សស្រុកបាណន់
* ពិភាក្សារិះរកប្រភពហិរញ្ញវត្ថុ គាំទ្រសកម្មភាពបក្ស។

ជាមួយគ្នានោះ លោកសន្ដិបណ្ឌិត សុខ ផល បានក្រើនរំលឹកឲ្យមន្ត្រីរាជការទាំងអស់ ជុំវិញស្រុកបាណន់ ត្រូវអនុវត្តឲ្យបាននូវអនុសាសន៍ ណែនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវចាត់ទុកខ្លួន ជាអ្នកបម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដ មិនមែនជាចៅហ្វាយ របស់ប្រជាពលរដ្ឋឡើយ។

លោកសន្ដិបណ្ឌិត សុខ ផល បានណែនាំឲ្យមន្ត្រីរាជការទាំងអស់ ត្រូវបន្តពង្រឹងបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីស្វែងរកការគាំទ្រ និងកសាងភាពជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល និងប្រជាជន៕