(កំពង់ស្ពឺ)៖ កត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានស្នើដល់គ្រប់គណៈបញ្ជាការឯកភាពក្នុងខេត្ត បន្តលុបបំបាត់នូវរាល់បទល្មើស គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងអនុវត្តន៍ឲ្យខានតែបាន គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

លោកទេសរដ្ឋមន្ត្រី បានស្នើបែបនេះ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសរដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០២០។

កត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានជំរុញថា រដ្ឋបាលខេត្ត ស្រុក ក្រុង អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ត្រូវតាំងចិត្ត និងខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ ស្របតាមគោលការណ៍ច្បាប់របស់ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

លោកបានលើកឡើងទៀតថា សន្និបាតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ មិនគ្រាន់តែឆ្លុះបញ្ចាំងនៅសមិទ្ធផល បញ្ហាប្រឈម និងទិសដៅសម្រាប់តែថ្នាក់ខេត្តប៉ុណ្ណោះទេ បានទាំងការបូកសរុបវាយតម្លៃ តាមវិស័យនានាក្នុងខេត្តទាំងមូលផងដែរ។

ក្នុងពិធីនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃដំណើរការសន្និបាត និងបញ្ហាប្រឈមនានា ក្នុងអង្គសន្និបាត ព្រមទាំងបានស្តាប់សេចក្តីព្រាង នៃរបាយការណ៍បូកសរុបលទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងមានបទអន្តរាគមន៍ចំនួន២ ពីស្នងការនគរបាលខេត្តកំពង់ស្ពឺ និងស្រុកភ្នំស្រួច។

ជាមួយគ្នានោះ អង្គសន្និបាត បានពិភាក្សារកដំណោះស្រាយ សំណូមពរលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឲ្យមានប្រសិទ្ធិភាព ក្នុងការពង្រឹង និងអនុវត្តន៍ទិសដៅ ភារកិច្ចរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២០ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕