(កោះកុង)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជាឲ្យដឹងថា រាជរដ្ឋាភិបាលក៏ដូចធនាគារជាតិនៃកម្ពុជា ចង់ឃើញប្រជាជនកម្ពុជាពិសេសអ្នកដែលប្រើប្រាស់សេវាហិរញ្ញវត្ថុទាំងអស់ទទួលយកសេវាហិរញ្ញវត្ថុផ្លូវការ​ដែលមានគុណភាព និងមានការគ្រប់គ្រងពីច្បាប់ និងបទប្បញ្ញត្តិច្បាស់លាស់។

លោកបានបន្ដថា ដើម្បីលើកកម្ពស់ការយល់ដឹង ដល់ប្រជាជនអំពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» រៀបចំធ្វើក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលជាខេត្តភាគខាងលិចជាប់ព្រំដែនថៃនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីធ្វើនៅ ខេត្តមណ្ឌលគីរីសម្រាប់ឆ្នាំ២០២០នេះ។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដល់សាធារណៈជន។

លោកបានឲ្យដឹងថា ចំពោះប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការត្រូវងាកមកប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងប្រព័ន្ធដែល​មានការត្រួតពិនិត្យត្រឹមត្រូវធនាគារជាតិនៃកម្ពុជា។

អគ្គនាយករងរូបនេះឲ្យដឹងដែរថា តាមលទ្ធផលផ្លួវការគិតត្រឹមដំណាច់ឆ្នាំ២០១៩ ទំហំទ្រព្យសកម្មសរុបមានប្រមាណ៣៤,៨ ទ្រីលានរៀល (ស្មើនឹង៨.៥ ប៊ីលាន​ដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ២៩,៤ ទ្រីលានរៀល (ស្មើនឹង៧.២ ប៊ីលានដុល្លារអាមេរិក)ត្រូវបានផ្តល់ឲ្យអតិថិជនខ្ចីចំនួនជាង២.១លាននាក់នៅទូទាំងប្រទេស។

លោកបានបន្ដថា ចំពោះប្រាក់បញ្ញើដែលអតិថិជនបានយកមកដាក់វិញមានប្រមាណ១៥,៤ទ្រីលានរៀល (ស្មើនឹង៣.៧ប៊ីលានដុល្លារអាមេរិក) ចំពោះការរីកចម្រើន​កន្លងមកនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពី កិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយសមិទ្ធផលដែលសម្រេចបានក៏អាស្រ័យ ដោយការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការត្រួតពិនិត្យផ្ទាល់ពីធនាគារជាតិនៃកម្ពុជា។

លោក គិត សុវណ្ណារិទ្ធ បន្ថែមថាបច្ចុប្បន្ននេះប្រជាពលរដ្ឋពេញវ័យនៅកម្ពុជា ដែលទទួលបានសេវាហិរញ្ញវត្ថុផ្លូវការមានប្រមាណ៥៩% ដែលក្នុងនោះ១៧% ផ្តល់ដោយគ្រឹះស្ថានធនាគារ៤២% ផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់។

លោកបញ្ជាក់ថា ដោយសារចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ នៅមានកម្រិត បូកផ្សំនឹងកត្តាប្រាក់ចំណូល និងទីកន្លែងស្នាក់នៅដាច់ស្រយាល ប្រជាពលរដ្ឋពេញវ័យដែលពុំបានទទួលសេវាហិរញ្ញវត្ថុ ឬកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការនៅតែមានកម្រិតខ្ពស់នៅឡើយ ដែលមានរហូត ៤១%នេះជាក្ដីកង្វល់មួយ ដែលធនាគារជាតិនៃកម្ពុជាត្រូវគិតគូរដោះស្រាយ តាមរយៈ ការអប់រំតាមគ្រប់រូបភាពរួមទាំងការសិក្ខាសាលាដូចពេលនេះផងដែរក្នុងប្រយោជន៍សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងគេចចាកផុតពីបំណុលវ័ណ្ឌករពីការប្រើប្រាស់ប្រាក់កម្ចី។

លោកបន្ថែមថា ដូចនេះកិច្ចសហការពីគ្រប់ផ្នែកពាក់ពន្ធ័របស់ខេត្តនៅ ក្នុងសិក្ខាសាលា ពេលនេះគឺជាផ្នែកមួយដ៏សំខាន់ និងចាំបាច់បំផុតនៅក្នុងការរួមចំណែក​ដល់កិច្ចការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែងស្របតាមយុទ្ឌសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ហើយដើម្បីជួយដល់ប្រជាជនដែលជាអ្នកប្រើប្រាស់សេវា​​ហិរញ្ញវត្ថុគេច​ផុតពីបំណុលវ័ណ្ឌករ។

លោកបានបន្ដថា ទន្ទឹមនឹងនេះគប្បីអប់រំប្រជាជនឲ្យចៀសវាងពីការខ្ចីប្រាក់ពីមួយកន្លែងយកទៅសងមួយកន្លែងទៀត ដែលអាចធ្វើឲ្យជាប់បន្ទុកបំណុលកាន់តែច្រើនឡើងៗ និងកុំឲ្យប្រជាជនឆាប់ជឿលើការឃោសនាបោកប្រាស់របស់ជនខិលខូច ដែលដើរបោកប្រាស់ប្រមូលប្រាក់បញ្ញើ ដោយសន្យាថាឲ្យការប្រាក់ខ្ពស់ ដោយពុំបានពិចារណាចុងក្រោយអាចនឹង នាំបញ្ហាមកខ្លួនឯងនោះជាដើម្បីផងដែរ។ លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុងខេមរភូមិន្ទក៏បានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថក៏ដូចធនាគារឯកជនទាំងអស់​មុនផ្ដល់ប្រាក់កម្ចីដល់អ្នកខ្ចីត្រូវយកឯកសារ​ស្នើមក​ពិនិត្យឲ្យច្បាស់លាស់មុនផ្ដល់ជូន ដើម្បីចៀសវៀងការជាន់គ្នា ឬប៉ះពាល់លើដីរដ្ឋសម្រាប់ក្បាលដីណាដែលមិនទាន់ចុះបញ្ជី ពិសេសលិខិតដែលស្នើសុំកាន់កាប់​អំឡុងឆ្នាំ១៩៩៣។

លោកបន្ថែមថា ជាមួយគ្នានេះលោកស្រីអភិបាលរងក៏ស្នើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថក៏ដូចធនាគារឯកជនដែលមាន ក្នុងក្រុងគប្បីផ្ដល់ភាពងាយស្រួល និងផ្ដល់ឲ្យបាន​លឿនអ្នក​ដល់ស្នើសុំប្រាក់កម្ចីណាដែលមានឯកសារត្រឹមត្រូវដែលមានការទទួលស្គាល់ជាផ្លូវច្បាប់ពីអាជ្ញាធរថ្នាក់សង្កាត់និងក្រុង៕