(ភ្នំពេញ)៖ យោងតាមប្រកាសអន្តរក្រសួងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងបរិស្ថាន, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រសួងទេសចរណ៍ បានរួមគ្នាចេញនូវប្រកាសអន្តរក្រសួងចំនួន២ ដែលប្រកាសអន្តរក្រសួងមួយ គឺរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងបិរស្ថាន និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម គឺជាប្រកាសបង្កើតក្រុមអធិការកិច្ចលើវិស័យកម្មន្តសាល រីឯប្រកាសអន្តរក្រសួងមួយផ្សេងទៀត គឺរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងបរិស្ថាន, និងក្រសួងទេសចរណ៍ គឺជាប្រកាសបង្កើតក្រុមអធិការកិច្ចលើវិស័យឧស្សាហកម្មទេសចរណ៍។

លោក ហេង សួរ អ្នកនាំពាក្សក្រសួងការងារ បានបញ្ជាក់បន្ថែមជូនអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការចេញប្រកាសអន្តរក្រសួងនេះ គឺជាការអនុវត្តតាមស្មារតីនៃលទ្ធផលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ដែលនៅក្នុងវេទិការនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវកញ្ចប់វិធានការណ៍កែទម្រង់ដ៏មុតស្រួចចំនួន១៥ចំណុច សំដៅសម្រួលការធ្វើធុរកិច្ច ពង្រឹងភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

លោក ហេង សួរ បានបន្ថែមថា ការសមាហរណកម្មអន្តរស្ថាប័ន៤ ចូលគ្នានេះ គឺជាការកែទម្រង់បន្តរបស់ក្រសួងនីមួយៗ ដែលក្នុងអាណត្តិទី៥ កន្លងទៅរបស់រាជរដ្ឋាភិបាលគឺបានធ្វើសមាហរណកម្មអង្គភាពជាច្រើនក្នុងក្រសួងនីមួយៗ ទៅជាក្រុមអធិការកិច្ចតែមួយរបស់ក្រសួង។ ក្នុងអាណត្តិទី៦នេះ យើងឈានពីសមាហរណកម្មអង្គភាពផ្ទៃក្នុងរបស់ក្រសួងនីមួយៗ ទៅជាក្រុមអធិការកិច្ចអន្តរស្ថាប័នតែមួយ។

ការធ្វើសមាហរណកម្មនេះនឹងកាត់បន្ថយការរំខានពេលវេលារបស់សហគ្រាសគ្រឺះស្ថានក្នុងការទទួលប្រតិភូអធិការកិច្ច ដែលពីមុននេះស្ថាប័ននីមួយៗ ចុះធ្វើអធិការកិច្ចផ្សេងៗគ្នា ដែលពេលខ្លះកម្មវត្ថុនៃការធ្វើអធិការកិច្ចគឺមានភាពប្រហាក់ប្រហែលគ្នា។ ចាប់ពីខែមេសានេះ តទៅពេលចុះអធិការកិច្ចសាមញ្ញ លើសហគ្រាសណាមួយ ក្នុង១ឆ្នាំ គឺយើងចុះតែ១ដងទេ ហើយពេលចុះទៅគឺយើងនឹងចុះរួមគ្នាទាំង៣ស្ថាប័ន ក្នុងវិស័យនីមួយៗតែម្តង៕