(ភ្នំពេញ)៖ គ.ជ.ប អនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយអព្យាក្រឹត្យ ដូចនេះមន្ត្រីបោះឆ្នោតទាំងអស់ ត្រូវលើកកម្ពស់ការទទួលខុសត្រូវខ្ពស់ និងអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ក្រមសីលធម៌របស់មន្ត្រីបោះឆ្នោត ដើម្បីធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ សម្រេចបានជោគជ័យ។ នេះជាការថ្លែងរបស់ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប។

លោកបានបន្ថែមថា ការចុះឈ្មោះបោះឆ្នោតមានតួនាទីសំខាន់ណាស់ក្នុងការរៀបចំការបោះឆ្នោត ដែលប្រើប្រាស់បញ្ជីបោះឆ្នោត។ ការចុះឈ្មោះបោះឆ្នោតគឺជាតម្រូវការជាមុននៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ សិទ្ធិរបស់ប្រជាពលរដ្ឋ ពិសេសយុវជន យុវនារី ដើម្បីចូលរួមក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ខ្លួន គឺជាគ្រឹះមួយនៃលទ្ធិប្រជាធិបតេយ្យ។ រូបភាពសំខាន់មួយនៃការចូលរួមនោះ គឺជាសិទ្ធិបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការចុះឈ្មោះបោះឆ្នោតជាផ្នែកមួយដ៏ចម្បងនៃការរៀបចំការបោះឆ្នោត។ ប្រទេសកម្ពុជាអនុវត្តប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ និងធ្វើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឬថាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតជារៀងរាល់ឆ្នាំ។

លោកក៏បានណែនាំដល់មន្ត្រី គ.ជ.ប ពិសេសគ្រូបង្ហាត់ដែលមានភារកិច្ចជាអ្នកបណ្តុះបណ្តាលបន្តនៅតាមរាជធានី ខេត្ត ដូចខាងក្រោម៖
* ត្រូវសិក្សាស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅ លើលិខិតបទដ្ឋានរបស់ គ.ជ.ប ទាក់ទងនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ពិសេសការអនុវត្តកម្មវិធីចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ
* ត្រៀមរៀបចំសម្ភារឧបទ្ទេស និងត្រៀមលក្ខណៈសម្រាប់ការធ្វើបទបង្ហាញ និងវិធីសាស្ត្រក្នុងការបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធភាព ជូនដល់មន្ត្រី លធ.ខប ។
* ត្រូវត្រៀមរៀបចំវគ្គបណ្តុះបណ្តាលបន្តជូនដល់ លធ.ខប តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនៅថ្នាក់ គ.ជ.ប តាមផែនការ និងប្រតិទិនដែលបានកំណត់
* ណែនាំដល់ លធ.ខប អំពីការងារបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត និងការងារផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ អំពីការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមគោលការណ៍ណែនាំរបស់ គ.ជ.ប និងសហការជាមួយ លធ.ខប ដើម្បីតាមដានលើការងារនេះ ។

សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដើម្បីធានាឱ្យបានបញ្ជីបោះឆ្នោតមួយ ដែលមានគុណភាព មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ ឆ្នាំ២០២០នេះ គឺជាលើកទី៤ហើយ សម្រាប់ការអនុវត្តការងារចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័របើគិតចាប់ពីការរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦៕