(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងថា វត្ថុដែលមានតម្លៃសំខាន់បំផុតរបស់មនុស្ស គឺសុខភាព មិនមែនបុណ្យស័ក្តិ និងទ្រព្យសម្បត្តិនោះទេ។

ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រីបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារប៉ុស្តិ៍សុខភាពប្រើសក្អក ស្ថិតក្នុងភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ដោយមានការចូលរួមពីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, លោកឡុង សុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត, លោក គោ ស៊ុប៊ុនសឿត អភិបាលខេត្តស្តីទី, លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត និងអស់លោកជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អជ្ញាធរស្រុកឆែប លោកមេឃុំ មេភូមិនិងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងទៀតថា «សុខភាពមានតម្លៃមួយសំខាន់ណាស់ ហើយរបស់ពិតប្រាកដរបស់មនុស្សយើងគឺសុខភាព បុណ្យស័ក្តិមានមួយរយៈណាមួយ ពេលដែលយើងចូលនិវត្តន៍ គឺត្រូវប្រគល់ជូនរដ្ឋវិញហើយ។ ចំពោះទ្រព្យសម្បត្តិដែលយើងខំរកបាន ចុងក្រោយគឺកូនចៅយើងជាអ្នកចែកគ្នាទេ ហើយយើងទៅតែខ្លួនទទេនោះទេ ដូច្នេះរបស់ដែលមានតម្លៃសំខាន់បំផុតរបស់មនុស្សគឺសុខភាព»

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានលើកឡើងថា គោលនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់ច្រើនណាស់ទៅលើសេវាសាធារណៈ សេវាសុខភាពនិងសេវាផ្សេងៗជាច្រើន។ លោកថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសរបស់យើង មានសុខសន្តិភាពពេញលេញ គ្មានតំបន់អប្បគមន៍ គ្មានការបែងចែកទឹកដីដូចមុនទៀតទេ ដែលចំណុចនេះ លោកអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា បើគ្មានសុខសន្តិភាពទេ គ្មានការអភិវឌ្ឍទៅរួចទេ។

ដោយឡែកលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងឲ្យដឹងថា អគារប៉ុស្តិ៍សុខភាពប្រើសក្អកនេះ បានសាងសង់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ អគារនេះ មានទំហំ១២ម៉ែត្រ គុណ៦ម៉ែត្រ ក្រាលឥដ្ឋការ៉ូដំបូលប្រក់ក្បឿង មាន២បន្ទប់ គឺបន្ទប់រង់ចាំមុន និងក្រោយសម្រាល បន្ទប់សម្រាល និងបន្ទប់ទឹកមួយ សរុបថវិកាសាងសង់ និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ អស់ថវិកាសរុប ៣៨.៣៨៤ដុល្លារអាមេរិក៕