(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ទូទាំងប្រទេស បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានលើកកំពស់សិទ្ធិស្ដ្រី គឺជាត្បូងពេជ្រដ៏មានតម្លៃបំផុត ជានារីរតនៈ ដែលប្រទេសនីមួយៗ ក្នុងសកលលោកមិនអាចខ្វះបានឡើយ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបញ្ជាក់បែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងផែនការ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាពមានការលើកកំពស់សមភាពយេនឌ័រ» នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងផែនការ ។

ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើឱ្យអង្គការចាត់តាំងរបស់ខ្មែរក្រហម ត្រូវរលំរលាយទាំងស្រុង ទាំងខាងនយោបាយ ទាំងយោធា និងបង្កើតបានសុខសន្តិភាព និងការអភិវឌ្ឍចាប់តាំងពីចុងឆ្នាំ ១៩៩៨មក ដែលនេះគឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លៃបាន។

សម្តេចតេជោ ក៏បានដឹកនាំប្រទេសឱ្យមានសន្ដិភាពឆ្ពោះទៅរកការអភិវឌ្ឍ ដើម្បីបម្រើប្រជាជនកសាង និងការពារប្រទេសដោយធានាបានកំណើនសេដ្ឋកិច្ច និងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចល្អ ប្រសើរ ដោយបានពង្រីកបាននូវភាពអំណោយផលដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងរក្សាខ្ជាប់នូវបាវចនាកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ដែលបានផ្តល់ទំនុកចិត្ត ពីអ្នកវិនិយោគិនក្នុងប្រទេស និងពីក្រៅប្រទេស ក្នុងការបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនឡើងលើគ្រប់វិស័យ ព្រមទាំងបានជម្រុញឲ្យមានការកើនឡើងនូវការប្រើប្រាស់ផលិតផលក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ។ ជាពិសេស អ្វីដែលជាការពិតមិនអាចប្រកែកបាន គឺ «មរតកតេជោ» គឺជាសន្តិភាព ការបង្រួបបង្រួមជាតិ និងការកសាងសេដ្ឋកិច្ចចេញពីភាពខ្ទេចខ្ទាំនៃភ្លើងសង្គ្រាម ដែលបានមកពីការធ្វើពលិកម្ម និងការប្រឹងប្រែងរបស់សម្ដេចតេជោ រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត និងរួមជាមួយប្រជាពលរដ្ឋផងដែរ។

លោកស្រីបណ្ឌិត ម៉ែន សំអន បានថ្លែងបន្តថា រាជរដ្ឋាភិបាលក៏បានបន្តជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា។ ខិតខំរក្សាសន្តិសុខ ការងាររបស់កម្មករ និយោជិត ពង្រឹងគោលនយោបាយជួយប្រជាកសិករ ដើម្បីរក្សាស្ថិរភាពថ្លៃទំនិញចាំបាច់នានា សម្រាប់ជីវភាពប្រចាំថ្ងៃ ការបន្តពង្រីកវិសាលភាព គ្របដណ្តប់នៃបណ្តាញអគ្គីសនីជនបទ និងការសិក្សាលទ្ធភាពបន្ត កាត់បន្ថយថ្លៃ អគ្គីសនី ថ្លៃទឹកស្អាតសម្រាប់ជីវភាពប្រជាជនទូទៅ ព្រមទាំងការពិចារណា ដាក់ចេញនូវគោលនយោបាយផ្សេងៗទៀត សំដៅកសាងមូលដ្ឋានគ្រឹចាំបាច់ ដើម្បីប្រែក្លាយ កម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស មាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

កាលពីថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារ «អរគុណសន្តិភាព» ក្នុងថ្ងៃនៃទិវាក្តីស្រឡាញ់ រួចបានបន្តដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីទទួលស្វាគមន៍ និងផ្តល់ក្តី ស្រឡាញ់អស់ពីបេះដូងជូនដល់បងប្អូនចម្រុះជាតិសាសន៍ជាង ២ពាន់នាក់ នៅលើនាវាទេសចរណ៍វេសធឺដាម របស់សហរដ្ឋអាមេរិក ខណៈដែលប្រទេស និងកោះចំនួន ៦ មិនបានស្វាគមន៍ ឲ្យចុះចត តែពេលនេះបានចុះចតកម្ពុជា ដោយទទួលបាននូវការស្វាគមន៍ ដោយក្តីរាក់ទាក់ ស្និទ្ធស្នាល កក់ក្តៅ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសម្តេចតេជោ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថាកន្លងមកថ្មីៗនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីបំពេញបន្ថែមការងារផ្លូវច្បាប់ ក្នុងគោលបំណងជួយស្រ្ដី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យទទួលបាននូវយុត្តិធម៌បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព។ ដូចច្នេះជារួមការអនុវត្តយុទ្ធសាស្រ្ដ និងគោលនយោបាយ ឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលពិតជាបានជំរុញឱ្យស្ថានភាព ជីវភាព ឋានៈ និងតួនាទីរបស់ស្រ្ដីមានភាពកាន់តែប្រសើរឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ពិសេសស្ត្រីមានតួរនាទីយ៉ាងសក្តិសមក្នុងជួររាជរដ្ឋាភិបាលតាំងពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិ៕