(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ សម្តេចម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះទ័យប្រទានសៀវភៅ ស្តីពីព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផលរបស់ទ្រង់ នៅរាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា ដល់បណ្តាស្ថាប័នព័ត៌មាននានា។ អង្គភាពព័ត៌មាន Fresh News ក៏ត្រូវបានប្រទានមួយក្បាលផងដែរ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សៀវភៅស្តីពីព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផលរបស់សម្តេចម៉ែ មានកម្រាស់១៦២ទំព័រ ត្រូវបានបោះពុម្ភដោយក្រសួងព្រះបរមរាជវាំង។ សៀវភៅនេះ គឺជាប្រភេទសៀវភៅពិពណ៌នាពីព្រះរាជសកម្មភាពសម្តេចម៉ែ ដែលទ្រង់តែងតែសព្វព្រះទ័យ ប្រោសប្រទានព្រះរាជអំណោយ រួមមាន គ្រឿងឧបភោគ បរិភោគ ថវិកា និងបានកសាងអគារមន្ទីរពេទ្យ សាលារៀន ស្រះទឹក ផ្លូវលំ។ល។ ដើម្បីជួយសម្រួលក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជានុរាស្ត្រក្រីក្រ នៅតាមទីជនបទដាច់ស្រយាល គិតត្រឹមឆ្នាំ២០១៨។

លើសពីនេះទៅទៀត សៀវភៅនេះក៏បានបង្ហាញពីព្រះរាជសកម្មភាពរបស់សម្តេចម៉ែ ដែលទ្រង់សព្វព្រះទ័យប្រោសប្រទាន ឲ្យបណ្តាអង្គទូត គណៈប្រតិភូជាតិ-អន្តរជាតិ និងឥស្សរជនរបស់រាជរដ្ឋាភិបាល ចូលក្រាបថ្វាយបង្គំគាល់ផងដែរ៕