(កណ្ដាល)៖ លោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល បាននិយាយថា ការរស់នៅជិតអង់តែងទូរស័ព្ទ និងការប្រើប្រាស់ទូរស័ព្ទចល័ត មិនបានផ្ដល់ផលប៉ះពាល់ និងបណ្ដាលឱ្យខូចសុខភាពឡើយ ថែមទាំងធ្វើឱ្យចៀសផុតគ្រោះថ្នាក់ដោយសាររន្ទះបាញ់ ព្រោះនៅតាមបង្គោលអង់តែននីមួយៗ មានភ្ជាប់ឧបករណ៍ការពារន្ទះផងដែរ ពិសេសគឺបានផ្ដល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ថែមទៀតផង។

លោកលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តស្តីពី បច្ចេកវិទ្យាទូរសព្ទ័ចល័ត និងផលប៉ះពាល់ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន នៅសាលាវិទ្យាល័យហ៊ុនសែនកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាលនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោកប្រធាមន្ទីរបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យទូរគមនាគមន៍ ហើយបានដាក់ចូលទៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤ និងបានជំរុញឲ្យមានសេវាអ៊ិនធឺណេតល្បឿនលឿនដល់ទីជនបទផងដែរ។ ប៉ុន្តែដើម្បីបង្កើតឲ្យមានសេវាទាំងអស់នេះបាន គឺចាំបាច់ត្រូវតែមានអង់តែន ដើម្បីផ្តល់សេវា។

ទន្ទឹមនឹងសារនេះដែរ លោក ម៉ៅ ផល្លា អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្រ្វេកង់វិទ្យុ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ជូនដល់អង្គពិធីថា បច្ចុប្បន្ន បាននិងកំពុងពេញនិយមយ៉ាងខ្លាំង ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីៗ ហើយទទួលផលដ៏មហិមាពីវិស័យទូរគមនាគមន៍ ក៏ប៉ុន្តែការយល់ដឹងនៅមានកម្រិតលើបច្ចេកវិទ្យានេះ សំខាន់ផលប៉ះពាល់ដែលកើតមាន ស្របពេលទាំងអស់គ្នាកំពុងតែប្រើប្រាស់វា។

លោកបន្តថា ក្រសួងបានជំរុញឲ្យមន្ទីរជំនាញនៅបណ្តាខេត្ត ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់មជ្ឈដ្ឋាន ដើម្បីបានយល់ជ្រួតជ្រាប អំពីកម្មវិធីនេះ ព្រោះថាបច្ចុប្បន្នមនុស្សនៅលើពិភពលោក កំពុងតែត្រូវការសេវាអ៊ិនធើណេតនេះ ជាចាំបាច់សំរាប់ដំណើរការការងារ និងទំនាក់ទំនងដូចជាការប្រើប្រាស់ សម្រាប់ការផ្ទេរប្រាក់តាមកុងធនាគារតាមវីង អ៊ីម៉ានី ទ្រូម៉ានីជាដើម ហើយនៅប្រទេសជឿនលឿនមួយចំនួនគេប្រឡងយកសញ្ញាប័ត្រតាមរយៈអនឡាញ នៃសេវាអ៊ិនធើណេតនេះដែរ។

លោកបញ្ជាក់ថា «ដើម្បីបង្កើតឲ្យមានសេវាទាំងអស់នេះបាន គឺចាំបាច់ត្រូវតែមានអង់តែនដើម្បីផ្តល់សេវា។ ដូច្នេះបទបង្ហាញថ្ងៃនេះ គឺយើងនឹងបានយល់ដឹងនូវអត្ថប្រយោជន៍ និងមិនមានផលប៉ះពាល់ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាទូរស័ព្ទចល័តនោះទេ។ បញ្ហារន្ទះដែលតែងកើតមានឡើងក្នុងពេលភ្លៀងធ្វើឲ្យមនុស្ស សត្វ និងរុក្ខជាតិត្រូវបាត់បង់អាយុជីវិត ថ្ងៃនេះមន្ទីរប្រៃយសនីខេត្ត ក៏បានធ្វើបទបង្ហាញស្តីពី វិធីបញ្ជៀសគ្រោះថ្នាក់ដោយសាររន្ទះបាញ់ និងវិធីធ្វើឧបករណ៍ការពាររន្ទះបាញ់ជូនដល់អង្គពិធីទាំងមូលផលដែរ»