(កំពត)៖ ពិធីបើកការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍលំនៅឋាន «កំណប់ឋានសួគ៌» របស់ក្រុមហ៊ុនសុខាអូតែល នៅលើភ្នំបូកគោ ខេត្តកំពត

នឹងចាប់បើកជាផ្លូវការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ខាងមុខនេះហើយ ។
គម្រោងថ្មី ដ៏ធំអស្ចារ្យ «កំណប់ឋានសួគ៌» របស់ក្រុមហ៊ុន សុខាអូតែល ជាក្រុមហ៊ុនបានធ្វើការវិនិយោគលើវិស័យ សណ្ឋាគារខ្នាតអន្តរជាតិតាំងពីឆ្នាំ១៩៩៧។

ក្រុមហ៊ុនបានរៀបចំបើកការដ្ឋានគម្រោងអភិវឌ្ឍលំនៅដ្ឋាន នៅលើភ្នំបូកគោ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ
ដោយមានការចូលរួមក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពីប្រជាជននៅខេត្តកំពត រួមទាំងអ្នកវិនិយោគជាច្រើន ហើយការចូលរួមនេះដើម្បីបានស្គាល់ពីគម្រោងនេះកាន់តែច្បាស់ ជាពិសេសនោះទទួលបានឱកាសវិនិយោគបានមុនគេទៀតផង។

ក្រុមហ៊ុនសុខាអូតែល ជាក្រុមហ៊ុននាំមុខមួយនៃវិស័យបដិសណ្ឋារកិច្ច ក្នុងចំណោមក្រុមហ៊ុនធំៗនៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនដែលទទួលបានសិទ្ធិសម្បទានធ្វើវិនិយោគអភិវឌ្ឍ នៅឧទ្យានជាតិព្រះមុនីវង្ស បូកគោ។

ឧទ្យានជាតិព្រះមុនីវង្ស បូកគោ មានចម្ងាយប្រហែល ១៨៩គីឡូម៉ែត្រតែប៉ុណ្ណោះ ពីរាជធានីភ្នំពេញ និងមានទីតាំងស្ថិតនៅជិតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ កំពង់ផែទេសចរណ៍ខេត្តកំពត, កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ, ផ្លូវរថភ្លើង, និងអាកាសយានអន្តរជាតិខេត្តព្រះសីហនុ ជាដើម។

មានផ្លូវគមនាគមន៍ធំៗជាច្រើន ដែលអាចធ្វើដំណើរទៅកាន់តំបន់អភិវឌ្ឍភ្នំបូកគោនេះ ដូចជាផ្លូវជាតិលេខ៣ និងផ្លូវល្បឿនលឿនដែលកំពុងសាងសង់ និងពង្រីកបន្ថែម ដែលគ្រោងនឹងបញ្ចប់រួចរាល់ជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ ព្រមទាំងផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ ដែលជាផ្លូវជាតិដ៏សំខាន់សម្រាប់ការធ្វើដំណើ រទៅកាន់តំបន់នោះនាពេលបច្ចុប្បន្ន។ លើសពីនេះ ការធ្វើដំណើរទៅទីនោះតាមឧទ្ធម្ភាចក្រក៏បាន។

គួរបញ្ជាក់ផងដែរថា ការបើកការដ្ឋានគម្រោងទី៣ ក្រោន អ៉ីស្តេតនេះ ផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍដែលប្រកបដោយសក្តានុពលទាំងហិរញ្ញវត្ថុ គមនាគមន៍ ពាណិជ្ជកម្ម ទេសចរណ៍ និងសំណង់លំនៅដ្ឋាន។ បន្ថែមពីនេះ ក្រុមហ៊ុនស្វាគមន៍សម្រាប់អ្នកវិនិយោគក្នុង និងក្រៅប្រទេសដែលមានចំណាប់អារម្មណ៍ចង់វិនិយោគលើគម្រោងទី៣ដ៏ធំមួយនេះ។

គួររំលឹកផងដែរថា ឧទ្យានជាតិព្រះមុនីវង្ស បូកគោ មានសក្តានុពលធំៗ ដែលមានភាពទាក់ទាញវិនិយោគិន មកធ្វើវិនិយោគ លើគម្រោងបុរីមរកតឋានសួគ៌, គម្រោងបុរីអម្រឹតឋានសួគ៌ និងគម្រោងក្រោន អ៉ីស្តេត ដែលនឹងប្រកាសបើកគម្រោងបន្តជាផ្លូវការចាប់ពី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ខាងមុខនេះតទៅ នៅទីស្នាក់ការកណ្តាលផ្នែកលក់៖ ជាន់ទី២, អគារសូគីម៉ិច ផ្ទះលេខ២២ ផ្លូវក្រមួនស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឧទ្យានជាតិព្រះមុនីវង្ស បូកគោ ជាតំបន់ធម្មជាតិដ៏គួរឲ្យទាក់ទាញបំផុត ពោរពេញទៅដោយសម្រស់ព្រៃប្រឹក្សា ទឹកធ្លាក់ ជ្រោះជ្រលងដងអូរ ផ្កា និងរុក្ខជាតិប្លែកៗ ព្រមទាំងផ្ទាំងថ្មធម្មជាតិដែលមានសណ្ឋានប្លែកៗ ដូច រូបសត្វ ឬ រូបប្រាសាទ ជាដើម។ លើសពីនេះ ទីនេះក៏ត្រូវបានចាត់ទុកជាកន្លែងដ៍សក្តិសិទ្ធិសម្រាប់ការគោរពបូជា បន់ស្រន់ និងធ្វើសមាធិផងដែរ។

ពិសេសជាងនេះទៀតនោះ ឧទ្យានជាតិព្រះមុនីវង្ស បូកគោ ក៏ជាតំបន់ប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយ ដែលត្រូវបានរកឃើញ និងធ្វើការអភិវឌ្ឍតាំងតែពីទសវត្សឆ្នាំ១៩២០ និងបានក្លាយជាទីក្រុងលើភ្នំដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមស្នាមព្រះហស្ថដឹកនាំដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយបានក្លាយជាកេរ្តិ៍មរតកដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន ហើយត្រូវបានសិក្សាស្រាវជ្រាវ និងចាត់ទុកជារមណីយដ្ឋានសុខភាពដ៏ពិសេស ដែលអាចព្យាបាលជំងឺផ្សេងៗដោយធម្មជាតិ។

ស្នាកស្នាមកេរ្ត៍ដំណែលប្រវត្តិសាស្រ្ត ដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ មានជាអាទិ៍៖ ព្រះរាជដំណាក់ស្លាខ្មៅ, ព្រះរាជដំណាក់ព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស, អគារអតីតសាលាក្រុងបូកគោ, អគារសណ្ឋាគារ ដែលមានអាយុជិត ១០០ឆ្នាំ, អគារអតីតកាស៊ីណូ, ប្រាសាទព្រះអង្គប្រោសសត្វ, ព្រះវិហាកាតូលីក, វត្តសំពៅប្រាំជាដើម៕