(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកអំពាវនាវយ៉ាងទទូច សូមឲ្យប្រជាពលរដ្ឋកុំ នាំគ្នាប្រមែលប្រមូលវត្ថុ ឬសម្ភារៈ ធ្វើពីប្រាក់ ឬស្ពាន់ជាស្នាដៃមរតកចាស់ៗពីដូនតា យកទៅរំលាយយកប្រាក់ ឬស្ពាន់ ដើម្បីយកមកកសាងរូបសំណាក ឬវត្ថុថ្មីអ្វីមួយ។

លោកថា ការធ្វើបែបនេះនាំមកនូវការគិតខុស ដល់សង្គម និងជាទង្វើបំផ្លាញវប្បធម៌មរតកខ្លួនឯង។

លោក ហេង រតនា បានលើកឡើងថា «ពិតជាមហាសោកស្តាយពន់ពេក និងហួសចិត្ត នៅពេលឃើញទិដ្ឋភាពនាំគ្នាប្រមែលប្រមូលវត្ថុ ឬសម្ភារៈ ធ្វើពីប្រាក់ ឬស្ពាន់ជាស្នាដៃមរតកចាស់ៗពីដូនតា (អាចមានវត្ថុខ្លះតាំងពីសម័យបូរាណ) មករំលាយយកប្រាក់ ឬស្ពាន់ ដើម្បីយកមកកសាងរូបសំណាក ឬវត្ថុថ្មីអ្វីមួយ ក្រោមរូបភាពជំនឿសាសនា។ ឃើញគំនិត និងទស្សនៈបែបនេះ នឹកឃើញដល់សម័យ ប៉ុល ពត វាយកំទេចព្រះវិហារ សាលារៀន មន្ទីរទេព្យ យកសរសៃដែក មកស្លរធ្វើជាដែកគោល!? សម័យសង្គ្រាមមានឈ្មួញមួយចំនួន បានដើរប្រមូលទិញសម្ភារបែបនេះ យកទៅលក់ឲ្យឈ្មួញថៃ ហើយរហូតឈានដល់លួចប្លន់កាត់ក្បាលរូបបដិមា ឬវាយកំទេចរូបចម្លាក់តាមជញ្ជាំងប្រាសាទនានាផងដែរ។ នេះជាទង្វើនាំការគិតខុស ដល់សង្គម និងជាទង្វើបំផ្លាញវប្បធម៌មរតកខ្លួនឯង ដោយខ្វះប្រាជ្ញាស្មារតីយល់ដឹង! បើចង់ធ្វើ ឬផលិតអ្វីថ្មីសូមរួបរួមទិញប្រាក់ស្ពាន់ថ្មីមកផលិតបន្តទៀតទើបត្រឹមត្រូវ!»

ជាមួយគ្នានេះ លោកបានអំពាវនាវសូមឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងធម្មការ និងសាសនា អាជ្ញាធរមូលដ្ឋាន គណៈសង្ឃ សូមព្រះមេត្តា និងមេត្តាផ្សព្វផ្សាយអប់រំ ព្រមទាំងមានវិធានការច្បាប់ ចំពោះករណីនេះ ទើបអាចផ្លាស់ប្តូរឥរិយាបថ ប្រជាជនមួយចំនួនតូចបាន និងអាចការពារស្នាដៃមរតកដូនតា របស់ខែ្មរអាច ស្ថិតស្ថេរគង់វង្សយូរអង្វែង៕