(ភ្នំពេញ)៖ ឆ្លងកាត់ការចូលរួមប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតរួចមក ក្រុមហ៊ុននិស្សិតមួយក្រុមមកពីសាកលវិទ្យាល័យ ន័រតុន បានដណ្ដើមជ័យលាភីក្នុងការចូលរួមប្រកួតប្រជែងនេះ ដែលបានបង្ហាញស្នាដៃស្ថាបត្យកម្មវិថីលក់ម្ហូបអាហារសម្រាប់ខេត្តកែប ត្រង់ចំណុចវិថីដូហ្វីន ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប។

ការប្រគល់ជ័យលាភីត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុ ន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តនៅឆ្នាំ២០២០ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ជាមួយគ្នានោះ អង្គសន្និបាតក៏បានអបអរសាទរដល់ជ័យលាភីមួយចំនួន ដែលធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នាឱកាសបិទសន្និបាតខាងលើ ក្នុងនោះរួមមាន៖

* ជ័យលាភីទីក្រុងដែលបានរៀបចំពិធីបុណ្យឆ្លងឆ្នាំល្អជាងគេមានចំនួន ៣ជ័យលាភី គឺក្រុងសៀមរាប (ជ័យលាភីលេខ ១) រាជធានីភ្នំពេញ (ជ័យលាភីលេខ ២) និងក្រុងកែប (ជ័យលាភីលេខ ៣)។

* ជ័យលាភីអ្នកជំនាញទេសចរណ៍ឆ្នើមលើកទី១ មាន ១៨ជ័យលាភី ក្នុងនោះជ័យលាភីមេដាយមាសមានចំនួន ៣ ជ័យលាភីមេដាយប្រាក់មានចំនួន ៦ និងជ័យលាភីមេដាយសំរឹទ្ធមានចំនួន ៩។

* ជ័យលាភីបដិសណ្ឋារកិច្ចល្អច្រកទ្វារអន្តរជាតិលើកទី២ មាន ៦ជ័យលាភី ក្នុងនោះជ័យលាភីទទួលបានស្នាមញញឹម ៣ (មានចំនួន ៣ ) ស្នាមញញឹម ២ (មានចំនួន ២) និងស្នាមញញឹម ១ (មានចំនួន ១)។

* ជ័យលាភីបដិសណ្ឋាកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី២ មាន ១១៤ជ័យលាភី ក្នុងនោះជ័យលាភីទទួលបានស្នាមញញឹម ៣ (មានចំនួន ៨២) ស្នាមញញឹម ២ (មានចំនួន ២៥) និងស្នាមញញឹម ១ (មានចំនួន ៧)។

* ជ័យលាភីបង្គន់សាធារណៈកម្ពុជាលើកទី២ មាន ៩៩ជ័យលាភី ក្នុងនោះជ័យលាភីទទួលបានស្នាមញញឹម ៣ (មានចំនួន ៣៩ ) ស្នាមញញឹម ២ (មានចំនួន ៥១) និងស្នាមញញឹម ១ (មានចំនួន ៩)។

* ការបំពាក់មេដាយ និងគ្រឿងឥស្សរិយយជូនមន្ត្រីរាជការក្រសួងទេសចរណ៍មានចំនួន ២៣រូប៕