(ត្បូងឃ្មុំ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលមានតម្លៃប្រមាណ ៥០លានដុល្លារ នឹងបញ្ចប់ការសាងសង់ ជាស្ថានពរ នាចុងខែតុលា ឆ្នាំ២០២១ខាងមុខ។
ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសលោក និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត ចុះទៅត្រួតពិនិត្យវឌ្ឍនៈភាព ដំណើរការសាងសង់មន្ទីរពេទ្យនះ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិន ប្រជាជន និងក្រុមហ៊ុនចិន ដែលបានគាំទ្រលើស្ទួយវិស័យសុខាភិបាលនៅកម្ពុជា។
ជាមួយគ្នានេះ មន្ទីរពេទ្យថ្មីនេះ នឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ គ្រប់ដណ្តប់ប្រជាជនក្នុងខេត្តត្បូងឃ្មុំ និងមួយចំនួននៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី ហើយមកទល់នឹងពេលនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ គឺសាងសង់បាន៤៥%ហើយ ដោយក្នុងនោះ ក្រសួងសុខាភិបាល នឹងខិតខំប្រឹងប្រែងពង្រឹងចំណេះជំនាញ និងបច្ចេកទេសដល់ក្រុមគ្រូពេទ្យ ដើម្បីត្រៀមផ្ដល់សេវាសុខភាពជូនពលរដ្ឋនៅខេត្ដត្បូងឃ្មុំនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ចំពោះការវិវឌ្ឍន៍ការសាងសង់បាន៤៥%នេះ ក្នុងនោះរួមមាន៖
*សាងសង់អគារអ្នកជម្ងឺត្រូវបានចាក់ប្លង់សេជាន់ទី៥រួចរាល់
*ការងាររៀបឥដ្ឋជញ្ជាំងខណ្ឌសម្រេចបាន៥០%
*រចនាសម្ព័ន្ធ និងការងារគ្រោងរបស់អគារត្រូវបានបញ្ចប់
*ការងាររៀបឥដ្ឋជញ្ជាំងខណ្ឌបានសម្រេច៩០%
*ប្រពន័្ធទឹកកខ្វក់សម្រេចបាន៧៨%
*ប្រព័ន្ធទឹកភ្លៀងសម្រេចបាន៦៨%
*ប្រព័ន្ធរូងអគ្គិសនីក្រោមដីសម្រេចបាន៩០%
*ផ្លូវនៅខាងក្រៅការដ្ឋានធ្វើរួចជាស្ថាពរ រីឯផ្លូវនៅខាងការដ្ឋានវិញសម្រេចបាន៥០%
*ការងារកាយដីក្នុងដំណើរការសាងសង់រនាំងទប់ដីជម្រាលសម្រេចបាន៩០%
*សសរនៃរបងពទ្ធ័ជុំវិញមន្ទីរពេទ្យត្រូវបានសាងសង់រួចរាល់។
សូមជម្រាបថា មន្ទីរពេទ្យ មិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំនេះ បានសាងសង់ឡើង នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដោយសម្ពោធបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបញ្ចប់ការសាងសង់សម្រេចជាស្ថាពរទៅវិញនៅចុងខែតុលា ឆ្នាំ២០២១ ដែលសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងនេះសាងសង់ក្នុងរយ:ពេល៤០ខែ។ មន្ទីរពេទ្យធំថ្មីនេះ មានតំរូវការបុគ្គលិកជំនាញប្រមាណ ៤៥៦នាក់បន្ថែមទៀត។
ដោយឡែក មន្ទីរពេទ្យនេះ នឹងបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានទទួលព្យាបាលជំងឺដូចជា៖ ផ្នែកជំងឺទូទៅ, ផ្នែកជំងឺកុមារ, ផ្នែកជំងឺឆ្លង, ផ្នែកពិគ្រោះជំងឺក្រៅ, ផ្នែកប្រពោធនកម្ម (ICU), ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកវះកាត់, ផ្នែករោគស្ត្រី និងសម្រាលកូន, ផ្នែករូបភាពវេជ្ជសាស្ត្រ និងEndoscopy, ផ្នែកមន្ទីរពិសោធន៍, ឱសថស្ថាន, បន្ទប់រំងាប់មេរោគ, ផ្នែកប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាលនិងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព៕