(ភ្នំពេញ)៖ ដោយសារតែស្ថិតនៅក្នុងតំបន់អតីតសង្រ្គាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រលយថា សម្រាប់ការសាងសង់ផ្លូវជាតិលេខ៥៨ ដែលតភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យនេះ រាជរដ្ឋាភិបាលត្រូវចំណាយថវិកាសម្រាប់ការបោះសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ អស់ប្រមាណជាង៤លានដុល្លារសហរដ្ឋអាមេរិក។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការដោះស្រាយផលប៉ះពាល់ផ្លូវជាតិលេខ៥៨នេះ អស់ទំហំទឹកប្រាក់រហូតទៅដល់ ២៥,៨៨៥,៨៣៥ដុល្លារអាមេរិក។ ការងារបោសសម្អាតមីនគឺអស់ ៤,៥៩១,១៣៥ដុល្លារអាមេរិក»។ សម្តេចបានបន្តថា៖ «អញ្ចឹងយើងបញ្ចេញសាច់ប្រាក់ប្រមាណ៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីមកដោះស្រាយផលប៉ះពាល់ផង ការដោះមីនផង និងកិច្ចការមួយចំនួនទៀតផង»

ផ្លូវជាតិលេខ៥៨ មានប្រវែងសរុប ១៧៤.១៦គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងនោះផ្លូវមេមានប្រវែង ១៦៥.១៨គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់ខេត្តបន្ទាយមានជ័យ ប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យ ប្រវែង ៧៣.១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ០៤ខ្សែ មានប្រវែងសរុប ៨.៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់ បឹងត្រកួន ជប់គរគី និងថ្មដូន។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ផ្លូវជាតិមួយខ្សែនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋាន បច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ១០ម៉ែត្រ។ ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន ៤៧កន្លែង ប្រវែងសរុប ១,៥៧៤ម៉ែត្រ។ ផ្លូវមួយខ្សែនេះចំណាយថវិកាសរុប ១២២.៩៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយប្រើរយៈពេលសាងសង់ចំនួន ៤៣ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៩។

ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ជាពិសេសតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៨ គឺជាអតីតសមរភូមិសង្គ្រាមរវាងខ្មែរ និងខ្មែរ ដ៏ស្រួចស្រាវបំផុតមុនឆ្នាំ១៩៩៨។ ផ្លូវជាតិលេខ៥៨ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាមួយកើតចេញពីផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានបញ្ចប់ទាំងស្រុងនូវសង្រ្គាមដ៏រ៉ាំរ៉ៃរវាងខ្មែរ និងខ្មែរ ហើយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចពាសពេញផ្ទៃប្រទេស។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា៖ «ពិនិត្យមើលទីកន្លែងនេះ យើងពិតជាមានមោទនភាពដោយសារតែតំបន់អតីតសមរភូមិមួយនេះ ក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ខ្ញុំព្រះករុណាខ្ញុំពិតជាមានមោទនភាព ដែលបានរួមចំណែកជាមួយប្រជាជនកម្ពុជា រួមចំណែកជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាជាមួយតួអង្គទាំងឡាយ ដែលបានធ្វើឱ្យប្រទេសជាតិយើង មានការជួបជុំគ្នាឡើងវិញ បន្ទាប់ពីបែកបាក់ចែកជាជម្រៀកៗត្រួតត្រាទឹកដី»

សម្តេចបានបន្តថា «យើងគ្រាន់តែឃើញសំណាកនៃ ចំនួនគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានបោះនៅលើកំណាត់ផ្លូវនេះ ចំនួន ១៥១៦៥៨៣ម៉ែត្រការ៉េ គឺយើងមានមីនប្រឆាំងថ្មើរជើង១៩៨គ្រាប់ កាកសំណល់គ្រឿងផ្ទុះសល់ពីសង្រ្គាម១០៤៣ដុំ និងអំបែងចំនួន៥៩៦៥៥ដុំ»

«អញ្ចឹង យើងគិតតែចំនួនគ្រាប់១៩៨គ្រាប់នេះ ប្រសិនបើយើងមិនបញ្ជូនកងវិស្វកម្មមកធ្វើការដោះ តើការដ្ឋានមួយនេះអាចបើកបានទេ ពិតជាបើកបាន ប៉ុន្តែអ្នកបច្ចេកទេសនៃការសាងសង់ផ្លូវនោះ រាប់តាំងពីប្រជាជនអាចនឹងមានការស្លាប់រូបកាយ ឬរបួស ចាត់ទុកថា ១៩៨គ្រាប់នេះ វាអាចសម្លាប់ជីវិតមនុស្សបានលើកពីចំនួនគ្រាប់បែកនេះទៅទៀត»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ឥឡូវនេះយើងមានជំនួយពីមិត្តភក្តិបរទេសជាច្រើន រាប់តាំងពីចិន ដែលបានជួយដើម្បីធ្វើការដោះមីនជាបន្តបន្ទាប់ ដើម្បីឱ្យកម្ពុជាយើងឈានដល់ការគ្មានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលវាជាឃាតករលាក់មុខបំផ្លាញជីវិតប្រជាជន៕