(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត តំណាងក្រុមហ៊ុនរៀបចំតាំងពិពណ៌ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហាររួមមាន ប្រហិតសាច់គោ ប្រហិតកញ្ចប់ថៃ សាច់ក្តាម បង្កាស្រស់ គុយទាវ តំណាប់ផ្លែឈើ និងនំស្រួយនាំចូលពីប្រទេសថៃ ដែលដាក់តាំងលក់នៅក្នុងពិពណ៌កម្ពុជា-ថៃ នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្រ្តីជំនាញបានយកគំរូផលិតផលម្ហូបអាហារចំនួន១៥គំរូ រួមមានប្រហិតសាច់ក្តាម ប្រហិតត្រី ហតដក ប្រហិតសាច់គោ គុយទាវ បង្កា បញ្ជូនមករថយន្តមន្ទីរពិសោធន៍ចល័ត។ ជាលទ្ធផល ពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងគំរូផលិតផលទាំងនោះទេ។

ក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូល បានធ្វើកិច្ចសន្យាជាមួយអាជីវករដែលតាំងលក់នំស្រួយ និងតំណាប់ផ្លែឈើ ដែលដាក់តាំងលក់ពុំមានផ្លាកសញ្ញា និងរយៈពេលប្រើប្រាស់ត្រឹមត្រូវតាម លក្ខណៈច្បាប់ និងផ្សព្វផ្សាយអំពីរបៀបតាំងលក់ផលិតផលម្ហូបអាហារនិងការដាក់ស្លាកតំលៃផលិតផលជាប្រាក់រៀលជូនដល់អាជីវករផងដែរ៕