(ស្ទឹងត្រែង)៖ ដោយមានក្រុមឈ្មួញនៅតែបន្តសកម្មភាព ដឹកឈើល្មើសច្បាប់យកមកទុករាយប៉ាយ នៅតាមផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៧កន្លែង នៅក្នុងដីឡូត៍ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទើបបានកម្លាំងនគរបាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ជំនាញរដ្ឋបាលព្រៃឈើខេត្ត និងអាជ្ញាធរដែនដីក្នុងមូលដ្ឋាន ចូលទៅបង្ក្រាប នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

លោកវរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអង្កេតតាមដាន សកម្មភាពដឹកឈើ និងបើកសិប្បកម្ម កែច្នៃឈើនៅក្នុងតំបន់នេះ ជាលក្ខណៈធ្វើអាជីវកម្ម ដឹកទៅលក់នៅក្រៅតំបន់ ទើបបានសមត្ថកិច្ចសម្រេចបង្ក្រាប។

ដោយឡែក លោក សោ វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រែង ក៏បានបញ្ជាក់ផងដែរថា ករណីចរាចរណ៍អាជីវកម្មឈើខុសច្បាប់គប្បី ត្រូវតែចាប់រឹបអុស តាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ។ លោកបញ្ជាក់ថា ឈើដែលប្រជាពលរដ្ឋ ធ្វើលំនៅដ្ឋានរដ្ឋបាលព្រៃឈើ ត្រូវបានលើកលែង។

ដោយឡែក លោក រៃ ផេង ចៅសង្កាត់រងទី២ សង្កាត់ស្រះឫស្សី បានបញ្ជាក់ផងដែរថា ឈើទាំងនេះ គឺជាប្រភេទឈើប្រណិត ដែលក្រុមឈ្មួញយកមកធ្វើអាជីវកម្ម មិនមែនឈើធ្វើផ្ទះនោះទេ លោកឯកភាព តាមសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធចូលបង្ក្រាប ក្នុងករណីនេះ។

ក្នុងនោះផងដែរ ខាងកម្លាំងកងរាជអាវុធហត្ថ ក៏បានចុះបង្ក្រាបដាច់ដោយឡែក ក្នុងតំបន់ដីឡូតិ៍នេះ ចាប់រឹបអូសឈើល្មើសច្បាប់ បានជាច្រើនមែត្រគូបផងដែរ កាលពីប៉ុន្មានខែមុនថ្មីៗនេះ។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតែផ្ទៀងផ្ទាត់ មិនទាន់ដឹងចំនួនឈើពិត្រប្រាកដនោះទេ ហើយនិងកំពុងតែស្រាវជ្រាវ រកអ្នកពាក់ព័ន្ធក្នុងករណីនេះផងដែរ៕