(ភ្នំពេញ)៖ ក្រុមហ៊ុន Holland Amercia Line ដែលជាម្ចាស់នាវា Westerdam បានជូនដំណឹងថា ភ្ញៀវទេសចរទាំងអស់ និងក្រុមការងារដែលត្រូវបានបញ្ជូនមកកាន់កម្ពុជា នាពេលនេះ បានត្រឡប់ទៅដល់ផ្ទះរៀងៗខ្លួនអស់ហើយ ជាមួយលទ្ធផលគ្មាននរណាម្នាក់ឆ្លងវីរុស COVID-19 នោះឡើយ។

ជាមួយថ្មីម្តងទៀត ក្រុមហ៊ុន Holland Amercia Line សូមអរគុណដោយស្មោះចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែងជួយសម្របសម្រួលឲ្យភ្ញៀវរបស់យើង អាចវិលត្រឡប់ទៅដល់ផ្ទះពួកគេវិញទាំងអស់។

មន្រ្តីជាន់ខ្ពស់សាលាខេត្តព្រះសីហនុ ក៏បានបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ (ចន្លោះម៉ោង ៧-៨) នាវា Westerdam ដែលផ្ទុកក្រុមនាវិកជាង ៧០០នាក់ នឹងធ្វើដំណើរចាក ចេញពីកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន។

តាមរយៈ Facebook របស់ខ្លួននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ Holland Amercia Line បានបញ្ជាក់យ៉ាងដូច្នេះថា យើងខ្ញុំសូមជម្រាបនូវដំណឹងដ៏ល្អថា ភ្ញៀវទេសចរទាំងអស់របស់កប៉ាល់ Westerdam និងក្រុមការងារដែលយើងបានបញ្ជូនទៅកាន់កម្ពុជា នាពេលនេះបានត្រឡប់ទៅដល់ផ្ទះរៀងៗខ្លួនអស់ហើយ។

ជាថ្មីម្តងទៀត ពួកយើងពិតជាអរគុណដោយស្មោះចំពោះភ្ញៀវទាំងអស់សម្រាប់ ការអត់ធ្មត់ និងយោគយល់របស់ពួកគេ នៅកំឡុងស្ថានការណ៍ដ៏ស្មុគស្មាញ នាពេលកន្លងទៅ។ ជាមួយគ្នានេះ ពួកយើងក៏សូមអរគុណជាពិសេស ដល់ក្រុមបុគ្គលិករបស់កប៉ាល់ ដែលបានផ្តល់សេវាកម្ម និងការថែទាំយ៉ាងល្អឥតខ្ចោះ។ មិនតែប៉ុណ្ណោះ ពួកយើងពិតជាពេញចិត្តណាស់ ចំពោះអ្នកទាំងឡាយដែលបានផ្ញើសារគាំទ្រ និងលើកទឹកចិត្តដល់ពួកយើង កំឡុងពេលវេលាដ៏មិនធម្មតានេះ។

ដោយឡែកក្រុមហ៊ុន Holland Amercia Line សូមអរគុណដោយស្មោះចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែង ជួយសម្របសម្រួលឲ្យភ្ញៀវរបស់យើង អាចវិលត្រឡប់ទៅដល់ផ្ទះពួកគេវិញទាំងអស់។

បន្ថែមពីនេះ យើងសូមអរគុណចំពោះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា រួមជាមួយស្ថានទូតនៃប្រទេសមួយចំនួនទៀត ដែលបានផ្តល់ការជួយជ្រោមជ្រែងយ៉ាងសំខាន់ ហើយពួកយើងក៏មិនភ្លេចការ ខិតខំរបស់ប្រទេសហូឡង់ផងដែរ។ ជាចុងក្រោយ យើងសូមអរគុណចំពោះមន្ត្រីជំនាញមកពី អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិក US-CDC សម្រាប់ការណែនាំប្រកបដោយវិជ្ជាជីវៈរបស់ពួកគេ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក គាង ភារម្យ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅយប់នេះនាវា Westerdam ដែលមានអ្នកបម្រើការងារនៅលើជាង៧០០នាក់ នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ានី ប្រទេសហ្វីលីពីន។

សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ ប៉ុន្តែនៅទីបំផុតបានទទួលការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចូលចតដោយសុវត្ថិភាព៕