(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលគ្រប់គ្រង មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ៤ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ក.វ.ក)។

កិច្ចប្រជុំ ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី សមាជិក ក្រុមប្រឹក្សាភិបាល គ្រប់គ្រងមូលនិធិវិនិយោគ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាតំណាងក្រសួង-ស្ថាប័ន ចំនួន១៦ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។

«មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ» គឺជាយន្តការថ្មីមួយ សម្រាប់ផ្តល់ប្រភពធនធានបន្ថែមលើប្រភព ធនធានដែលមានស្រាប់ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅថ្នាក់ក្រោមជាតិ ដោយផ្តល់ហិរញ្ញប្បទាន ទៅដល់គម្រោងវិនិយោគសាធារណៈ របស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលមានលក្ខណៈយុទ្ធសាស្រ្ត និងផ្តល់ការលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការបំពេញភារកិច្ច និង គ្រប់គ្រងការវិនិយោគសាធារណៈឲ្យកាន់តែប្រសើរ​។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ ក្រោមជាតិលើកទី៤នេះ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖

* វឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេច របស់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣ របស់ក្រុមប្រឹក្សាភិបាល គ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ,
* ពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន ក.វ.ក ឆ្នាំ ២០១៩
* ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ផែនការសកម្មភាព ប្រចាំឆ្នាំ ២០២០ របស់ ក.វ.ក និង ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ របស់ ក.វ.ក ។

បន្ទាប់ពីអង្គប្រជុំ បានធ្វើការពិភាក្យា និងបានអនុម័តលើរបៀបវារៈទាំង៤ខាងលើ លោកអគ្គបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលឆ្នាំ២០១៩ និងបានដាក់ទិសដៅការងារ អាទិភាពដល់លេខាធិការដ្ឋាន ក.វ.ក សម្រាប់អនុវត្តឆ្នាំ ២០២០ ខាងមុខនេះ ដូចខាងក្រោម៖

១៖ លេខាធិការដ្ឋាន ក.វ.ក សម្របសម្រួលជាមួយលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) រៀបចំដាក់ឲ្យអនុវត្តយន្តការប្រកួតប្រជែងទទួលហិរញ្ញប្បទាន សម្រាប់រដ្ឋបាលឃុំ សង្កាត់ ដោយទុកលទ្ធភាពឲ្យរដ្ឋបាលខេត្តទទួលខុស ត្រូវគ្រប់គ្រង និងអនុវត្តយន្តការនេះ។

២៖ លេខាធិការដ្ឋាន ក.វ.ក សម្របសម្រួលជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីអនុវត្តគម្រោង ដែលទទួលហិរញ្ញប្បទានពី ADB ឲ្យបានទាន់ពេលវេលា។

៣៖ អនុម័តកំណត់ស្រុកគោលដៅ ដែលត្រូវទទួលហិរញ្ញប្បទាន ពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងថវិការដ្ឋ និងថវិកាហិរញ្ញប្បទានពី ADB៕