(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តផែនការសកម្មភាពស្ដីពី ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រាប់មន្ត្រីជំនាញត្រូវណែនាំ អប់រំ ព្រមទាំងអនុវត្តវិធានការច្បាប់ និងធ្វើការផាកពិន័យឲ្យបានតឹងរ៉ឹងម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែង ឬយោគយល់ជាដាច់ខាត ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជាពិសេសអ្នកបើកបររថយន្តដឹកកម្មករ រថយន្តដឹកទំនិញធុនធំ រថយន្តកុងទីន័រ និងអ្នកបើកបររថយន្តដឹកអ្នកដំណើរ (រថយន្តក្រុង)។

ពិធីនេះធ្វើឡើងនៅសាលាខេត្ត ដែលមានការចូលរួមពីមន្ត្រីដែលពាក់ព័ន្ធជិត ៤០០នាក់ផងដែរ។

លោក ម៉ែន វិបុល បានបន្តថា ក្នុងនាមជាអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដល់សមាជិកសមាជិកាអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់ថ្នាក់ ព្រមទាំងកងកម្លាំង និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការរួមចំណែកផ្សព្វផ្សាយច្បាប់ជូនដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត បានយ៉ាងទូលំទំលាយនាពេលកន្លងមក។

អភិបាលខេត្តស្វាយរៀង បានផ្តាំផ្ញើសមាជិកអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍គ្រប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយផ្ដោតជាសំខាន់លើការបើកបរហួសល្បឿនកំណត់ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ឬសារធាតុញៀន មិនប្រកាន់ស្ដាំ ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ការ មិនគោរពសិទ្ធិអាទិភាព ជាពិសេសធ្វើយ៉ាងណាឲ្យអ្នកបើកបរទោចក្រយានយន្ត ពាក់មួកសុវត្ថិភាពឲ្យបានច្រើនជាអតិបរមា។

លោកបានបន្តថា «ចំពោះគ្រប់មន្ទីរ-អង្គភាព គ្រឹះស្ថានសិក្សា គ្រឹះស្ថានរដ្ឋ គ្រឹះស្ថានឯកជន រោងចក្រ និងសហគ្រាស គួររៀបចំឲ្យមានបទបញ្ជាផ្ទៃក្នុង មិនអនុញ្ញាតឲ្យចូលធ្វើការ ឬចូលរៀន ក្នុងករណីជិះទោចក្រយានយន្ត (ម៉ូតូ) មិនពាក់មួកសុវត្ថិភាព និងបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់»។

ជាមួយនេះ ត្រូវបង្កើនការត្រួតពិនិត្យអ្នកបើកបរមានជាតិអាល់កុល និងគ្រឿងញៀនជាពិសេសមុខសញ្ញាអ្នកបើកបរថយន្តកុងទឺន័រ រថយន្តដឹកទំនិញធុនធំ និងអ្នកបើកបររថយន្តដឹក អ្នកដំណើរពេលយប់។

លោកបានបន្ថែមថា ត្រូវបង្កើនកម្មវិធីអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីខ្លឹមសារច្បាប់ចរាចរណ៍ផ្លូវគោក និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងចំណេះដឹងដែលពាក់ព័ន្ធនឹងការប្រើប្រាស់ផ្លូវ នៅតាមសាលារៀន រោងចក្រ សហគ្រាស និងសហគមន៍ ជាពិសេសតំបន់ដែលនៅជាប់ផ្លូវជាតិ និងតំបន់ងាយរងគ្រោះ, គួររៀបចំ និងចាត់តាំងក្រុមការងារជាលក្ខណៈទ្រង់ទ្រាយតូចតាមខ្នងផ្ទះ ផ្សព្វផ្សាយខ្លឹមសារសង្ខេបខ្លីៗងាយយល់ពាក់ព័ន្ធនឹងបទប្បញ្ញត្តិចរាចរណ៍។

លោកក៏បានថ្លែងលើកទឹកចិត្តដល់បណ្ដាក្រុង ស្រុក ឲ្យបង្កើត និងជំរុញចលនាប្រឡងប្រណាំងភូមិឃុំគ្មានគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការបង្កើត «តំបន់ពិសេស នៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក» នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ត្រូវជួយគាំទ្រក្នុងការរៀបចំផែនការជំរុញការងារនេះ ។ និងត្រូវបង្កើនការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ជាពិសេសរថយន្តដឹកកម្មករ ដែលភាគច្រើនជារថយន្តចាស់ៗ។

លោកបន្តថា ត្រូវបន្តត្រូវពង្រឹងការគ្រប់គ្រងយានដ្ឋានជួសជុលកែច្នៃ និងដំឡើងយានយន្តក្នុងខេត្ត (បច្ចុប្បន្នមានចំនួន ៦កន្លែង) ដើម្បីទប់ស្កាត់កុំឲ្យកើតមានការកែច្នៃយានយន្តខុសបទដ្ឋានបច្ចេកទេស ដែលជាប្រភពបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

សូមបញ្ជាក់ថា បើផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ ឃើញថា

*ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកើតឡើងចំនួន ១៥២លើក ថយចុះ ១៤លើក ស្មើនឹង៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨
*បណ្ដាលឲ្យមនុស្សស្លាប់ ៩៣នាក់ កើនឡើង ១៥នាក់ ស្មើនឹង ១៦%
*មនុស្សរងរបួសធ្ងន់ ១១១នាក់ ថយចុះ ២០នាក់ ស្មើនឹង ១៥%
*មនុស្សរងរបួសស្រាល ១៥៨នាក់ កើនឡើង ៤៥នាក់ ស្មើនឹង ២៨% ដែលភាគច្រើនកើតឡើងដោយសារ៖ បើកបរលើសល្បឿនកំណត់ ២៦% មិនប្រកាន់ស្ដាំ ២៤% មិនគោរពសិទ្ធអាទិភាព ១៩% បត់ឆ្វេង-ស្ដាំខ្វះការប្រុងប្រយ័ត្ន ១៥% ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ១១% ស្រវឹង ៥% និងបញ្ហាសុខភាព ៤%។
*គ្រោះថ្នាក់រថយន្តដឹកកម្មករ កើតឡើងចំនួន ៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ស្រាល ៩១នាក់ និងក្នុងចំណោមអ្នកបើកម៉ូតូរងគ្រោះ ១៤២នាក់ មិនពាក់មួកសុវត្ថិភាពមានរហូតដល់ទៅ ៨៦នាក់ ស្មើនឹង ៦១%៕