(ភ្នំពេញ)៖ បន្ទាប់ពីដាក់ចេញគោលនយោបាយមិនយកពន្ធប្រថាប់ត្រារយៈពេល១ឆ្នាំ សម្រាប់ការលក់ផ្ទះក្រោមតម្លៃ៧ម៉ឺដុល្លារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសបន្ថែមថា សម្រាប់ខុនដូនៅក្នុងប្រទេសកម្ពុជា ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារនោះ ក៏មិនត្រូវយកពន្ធប្រថាប់ត្រាដែរ។

ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «កាលពីវិធានការដោះស្រាយបញ្ហាសេដ្ឋកិច្ចកាលពីថ្ងៃចន្ទ អ្នកដែលទិញលំនៅឋានក្រោម ៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ អញ្ចឹងគឺធ្វើឱ្យអ្នកដែលកសាងលំនៅឋានក្នុងតម្លៃថោកល្មម នឹងខិតខំកសាងលំនៅដ្ឋាន ហើយអ្នកដែលមានប្រាក់សមល្មមក៏អាចទិញលំនៅដ្ឋានក្រោម ៧ម៉ឺនដុល្លារដោយមិនជាប់ពន្ធទេ ប៉ុន្តែសុំបញ្ជាក់លំនៅដ្ឋាននៅទីនេះក៏និយាយទៅដល់ខុនដូដែរ ព្រោះខុនដូមួយកន្លែងៗគេទិញមួយ Unit ដែលជួនកាលតែ ៥ឬ៦ម៉ឺនដុល្លារទេ អញ្ចឹងក៏ត្រូវមិនជាប់ពន្ធដែរ»

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅភ្នំពេញ ប្រញាប់ទិញខុនដូ ដោយសារតែបានរួចពន្ធប្រថាប់ត្រាផងដែរ។ សម្តេចក៏បានអំពាវនាវទៅដល់ស្ថានីយ៍ទូរទស្សន៍ទាំងអស់ នៅក្នុងប្រទេសកម្ពុជា ឱ្យដាក់អក្សររត់នៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ដើម្បីប្រាប់ដំណឹងនេះទៅកាន់ប្រជាពលរដ្ឋ ជាពិសេសចំពោះអ្នកដែលកំពុងស្វះស្វែងរកទិញខុនដូ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក៏បានស្នើដល់ក្រុមហ៊ុនដែលធ្វើការ អភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ពិនិត្យលទ្ធភាព ក្នុងការបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្ទះជាចាំបាច់ ខណៈដែល រាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះផ្ទះដែលមានតម្លៃ៧ម៉ឺនដុល្លារចុះក្រោម រយៈពេល១ឆ្នាំផងដែរ។

ការដាក់ចេញគោលនយោបាយមិនយកពន្ធប្រថាប់ត្រានេះ បានធ្វើឡើងដើម្បីទប់ទល់ជាមួយផលប៉ះពាល់មកលើផ្នែកសេដ្ឋកិច្ចកម្ពុជា ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ក៏ដូចជាផលប៉ះពាល់មួយចំនួនដែលអាចបណ្តាលមកពីការព្យួរ២០ភាគរយ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA៕