(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០១៩ និងលើកទិសដៅ ការងារឆ្នាំ២០២០។

ពិធីនេះស្ថិតក្រោមអធិបតីលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី និងលោកអភិបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានី ភ្នំពេញ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងមក ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តខិតខំ ជម្នះពុះពាររាល់ការលំបាកស្មុគស្មាញដោយ អនុវត្តគ្រប់វិធានការ ពិសេសការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ សង្កាត់ មានសុវត្ថិភាព» កាន់តែល្អប្រសើររក្សាបាននូវ សភាពការណ៍ សន្តិសុខទូទៅល្អក្នុងរាជធានីភ្នំពេញ។ ក្នុងនោះគួរឱ្យកត់សម្គាល់សកម្មភាពបង្កចលាចលនយោបាយ និងអំពើភេរវកម្ម ត្រូវបានទប់ស្កាត់មិនឱ្យកើតមានអំពើប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងគ្រឿងញៀន ត្រូវបានយកចិត្តទុកដាក់បង្ក្រាបបានជាបន្តបន្ទាប់ផ្តល់នូវភាពកក់ក្តៅដល់ប្រជាជន វិនិយោគិន និងភ្ញៀវបរទេស។

របាយការណ៍ដដែលបន្តថា សភាពការខាងលើនេះ បានផ្តល់នូវភាពអនុគ្រោះដល់ការអនុវត្ត គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ស្ពាន សួនច្បារ សំណង់អគារខ្ពស់ៗ ទីក្រុងរណប និងថេរភាពល្អប្រសើរ នៃទីផ្សារអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញ ដោយរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ ការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បទល្មើសមានការថយចុះ។

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ មានរយៈពេលពីរថ្ងៃគឺថ្ងៃទី២៦-២៧ ខែកុម្ភៈនេះ។ ដោយនៅរសៀល ថ្ងៃទី២៧ ខែកុម្ភៈ នឹងបិទសន្និបាត ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕