(ឧត្ដរមានជ័យ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ តំណាងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ Foreigner Presence in Cambodia System (FPCS) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេស នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ, លោកស្នងការរង ទទួលការងារអន្តោប្រវេសន៍, ស្នងការរងទទួលផែនសន្តិសុខ និងលោកអនុប្រធាននាយកដ្ឋាន លោកអធិការ អធិការរង លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីសរុបចំនួន ៧៦នាក់។

ដើម្បីក្តាប់ឲ្យបានច្បាស់លាស់ អំពីចំនួនវត្តមានជនបរទេស និងទីកន្លែងស្នាក់នៅរបស់ជនបរទេសគ្រប់រូប លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានស្នើឲ្យស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ត្រូវតែយកចិត្តទុកដាក់ ទៅលើការប្រើប្រាស់ការគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ FPCS នេះ និងពន្យល់ណែនាំអំពីគុណ សម្បត្តិ និងគុណវិបត្តិ នៃការប្រើប្រាស់ប្រព័ន្ធនេះផងដែរ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក៏បានណែនាំដល់លោកស្នងការង លោកអធិការ-អធិការរង ជាពិសេសនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ទាំង ២៤ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវយកចិត្តទុកដាក់យល់ច្បាស់អំពីរបៀបប្រើប្រាស់ប្រព័ន្ធ FPCS ដើម្បីជាគ្រូបង្គោល និងធ្វើការណែនាំបង្រៀនបន្ត ដល់បណ្តាម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ។

បន្ទាប់មកទៀត ក្រុមការងារបច្ចេកទេសត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធ FPCS បានធ្វើបទបង្ហាញបន្ថែមទៀតអំពីរបៀបបង្កើតគណនី និងរបៀបប្រើប្រាស់ប្រព័ន្ធ FPCS ផងដែរ។

គួរជម្រាបថា គោលបំណងនៃការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងវត្តមានអន្តោប្រវេសសន្ត ឬមិនមែនអន្តោប្រវេសសន្ត តាមរយៈប្រព័ន្ធអេឡិចត្រូនិកនេះ គឺដើម្បីងាយគ្រប់គ្រងជនបរទេស ដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា។

កន្លងមកនេះមានខេត្តមួយចំនួន គ្រប់គ្រងជនបរទេសមិនបានល្អ ហើយជនបរទេសទាំងនោះ បានបង្កបទល្មើសផ្សេងៗ និងបានលាក់ខ្លួននៅក្នុងសណ្ឋាគារ កាស៊ីណូ ជាដើម។ ដោយស្ថិតក្នុងស្ថានភាពបែបបនេះ នៅពេលអាជ្ញាធរបរទេសស្នើសុំរកមុខសញ្ញាដែលចូលមកប្រទេសយើង គឺវាមានការពិបាកក្នុងស្រាវជ្រាវរកមុខសញ្ញាទាំងនោះ។

ការប្រើប្រព័ន្ធអេឡិចត្រូនិក FPCS (Foreigner Presence in Cambodia System ) អត្តសញ្ញាណជនបរទេសទាំងអស់ នឹងចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង របស់សមត្ថកិច្ច ហើយក៏ងាយស្រួលក្នុងការគ្រប់គ្រងជនបរទេស ជាពិសេសគឺការបង្ក្រាបបទល្មើស និងក្រុមឧក្រិដ្ឋជនឆ្លងដែន បានទាន់ពេលផងដែរ៕