(ភ្នំពេញ)៖ សមាគមស្ថាបត្យករថៃ បានបង្ហាញនូវសុទិដ្ឋិនិយម ដោយរំពឹងរក្សាកំណើនអ្នកចូលរួមពិព័រណ៍ «Architect’20» លើកទី៣៤ ឆ្នាំ២០២០ ដូចឆ្នាំមុន ទោះបីពួកគេមានកង្វល់មួយចំនួន ជុំវិញបញ្ហាផ្ទុះជំងឺឆ្លង COVID-19។ នេះបើតាមការអះអាងរបស់លោកបណ្ឌិត Vasu Poshyananadana ប្រធានគណៈកម្មាធិការ «Architect’20» ក្នុងសន្និសីទសារព័ត៌មាន នាសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញនៅថ្ងៃអង្គារនេះ។

ពិព័រណ៍ «Architect’20» រៀបចំដោយសមាគមស្ថាបត្យករថៃ គាំទ្រដោយមូលនិធិមហាក្សត្រ (ASA) និងក្រុមហ៊ុនរៀបចំពិព័រណ៍ (NEO) ក្រោមប្រធានបទ «ការផ្ដោតជាថ្មីលើបេតិកភណ្ឌ» ដោយគ្រោងរៀបចំពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ខាងមុខនៅទីក្រុងបាងកក ប្រទេសថៃ។

លោកបណ្ឌិត Vasu Poshyananadana បានបញ្ជាក់ថា ពិព័រណ៍នេះ នឹងបង្ហាញនូវអគារធំៗបំផុតក្នុងតំបន់អាស៊ាន ក្នុងគោលបំណងលើកកម្ពស់វិធីសាស្ដ្រថ្មីលើបេតិកភណ្ឌស្ថាបត្យកម្ម និងអភិរក្ស តាមរយៈការចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍របស់ស្ថាបត្យករជំនាញៗ។ ដោយផ្អែកលើប្រធានបទសំខាន់ៗនេះ លោកជឿជាក់ថា នឹងអាចកៀរគរអ្នកចូលរួមបានច្រើន ទោះមានករណីជំងឺឆ្លង COVID-19 ក៏ដោយ។

លោកបន្ដថា «កាលពីឆ្នាំមុន ពិព័រណ៍របស់ស្ថាបត្យករថៃនេះ មានអ្នកចូលរួមប្រមាណ ៣០០នាក់ ហើយឆ្នាំនេះ ខ្ញុំសង្ឃឹមថា នឹងមានចូលរួមច្រើនដូចគ្នា ដោយផ្អែកលើប្រធានបទសំខាន់ៗរបស់យើង ក៏ដូចជាការចែករំលែកចំណេះដឹងផ្សេងៗ។ ចំពោះបញ្ហាមេរោគ COVID-19 វាក៏ធ្វើឲ្យយើងបារម្ភដែរ តែខ្ញុំគិតថា មិនប៉ះពាល់ខ្លាំងដល់កម្មវិធីរបស់យើងនោះទេ ហើយយើងក៏មានវិធានការខ្លះៗ ដើម្បីធានាសុវត្ថិភាពជូនអ្នកចូលរួមដែរ»

គួរបញ្ជាក់ថា ពិព័រណ៍ «Architect’20» រៀបចំឡើងក្នុងគោលបំណងបង្ហាញ និងស្វែងយល់ ក៏ដូចជាស្គាល់អំពីទស្សនទាននានានៃស្ថាបត្យកម្មបេតិកភណ្ឌក្រោមរូបភាពខុសៗគ្នា ដែលបន្សល់ទុកពីសម័យមុន ហើយធ្វើការជួសជុលដោយបន្ថែមនូវបច្ចេកទេសទំនើប តែរក្សាទ្រង់ទ្រាយដើម សម្រាប់ធ្វើអាជីវកម្ម និងរកចំណូលពីពីអគារបេតិកភណ្ឌទាំងនោះ។ ទន្ទឹមជាមួយគ្នា ភាគីថៃក៏បានបង្ហាញការចាប់អារម្មណ៍ ចំពោះអគារបេតិកភណ្ឌជាច្រើននៅកម្ពុជា ហើយគ្រោងនឹងស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគរួមគ្នាទៀតផង៕