(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការឡើងកាន់អំណាចរបស់សម្តេចរយៈពេលយូរមកនេះ មិនមែនដោយសារតែការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។

ការប្រកាសរបស់សម្តេចបានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ការឈរជើងជាប់នៅក្នុងហ្វូងអ្នកនយោបាយ រយៈពេលជាង៤១ឆ្នាំ មិនមែនបានសេចក្តីថា ខ្ញុំប្រើអាវុធ ដើម្បីបង្ក្រាបនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មុនពេលផ្តួលរំលំប៉ុលពត សម្តេចបានកែនកម្លាំងប្រជាជនខ្មែរបានប្រមាណជាង១ម៉ឺននាក់ដែរ ប៉ុន្តែកម្លាំងជាង១ម៉ឺននេះ មិនអាចទប់ទល់កម្លាំងប៉ុលពត ដែលមានចំនួន១៨ម៉ឺននាក់នោះទេ ហើយបើប្រាស់ប្រាស់កម្លាំងជាង១ម៉ឺននេះដើម្បីរំដោះកម្ពុជា គឺត្រូវការពេលវេលា៤ទៅ៥ឆ្នាំ ប៉ុន្តែសួរថាអាចទៅរួចទេ បើដូច្នេះពេលនោះប្រជាពលរដ្ឋខ្មែរច្បាស់ជាស្លាប់អស់ហើយ។

សម្តេចបានបញ្ជាក់បន្តថា៖ «បញ្ហាសំខាន់ជាងគេ គឺលទ្ធភាពរបស់យើង ដែលទទួលបានការគាំទ្រពីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពេលដែលខ្ញុំបោះឆ្នោត នៅថ្ងៃទី១៤ ជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី ខ្ញុំមិននឹកស្មានថា ខ្ញុំទទួលបានការគាំទ្រ១០០% នៃអ្នកចូលរួមបោះឆ្នោត ដែលអ្នកមុនខ្ញុំមានមួយបាត់៧សំឡេង មួយបាត់៦សំឡេង ប៉ុន្តែសម្រាប់តួរអង្គរបស់ខ្ញុំនេះមិនមានបាត់សំឡេងណាទេ»

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា សម្តេចមិនដែលប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បី​បង្រ្កាបប្រជាជននោះទេ ប៉ុន្តែប៉ុលពតបានយកកម្លាំងប្រដាប់អាវុធទៅបង្រ្កាបប្រជាជន ហើយដល់ទីបញ្ចប់ ប៉ុល ពត ស្លាប់ទៅរកតែដីកប់មិនចង់បានផង។

សម្តេចបានបង្ហាញអំពីមោទនភាព ដែលសម្តេចខ្លួនឯង ជាមនុស្សដែលមានសម្តីប្រៃ ដែលនិយាយទៅកាន់កងកម្លាំងប្រដាប់អាវុធ។ សម្តេចបានរំលឹកអំពីបញ្ហាចុងក្រោយរបស់មេដឹកនាំប្រទេសមួយចំនួននៅលើពិភពលោក ដែលធ្លាប់បានប្រើប្រាស់កងកម្លាំងបង្រ្កាបប្រជាជន ដែលពួកគាត់ជួបការលំបាកខ្លាំងនៅវេលាចុងក្រោយ៕