(ព្រៃវែង)៖ កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់រថយន្តដឹកពងទាឥតច្បាប់ចំនួន ៣៤,៦០០គ្រាប់ ដោយពុំមានលិខិតអនុញ្ញាត បានដឹកចេញពីប្រទេវៀតណាម ចូលមកកម្ពុជាតាមច្រកស្វាយអាង៉ោង ភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅល្ងាចនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់បាននៅចំណុចផ្លូវលេខ១០៣ ភូមិថ្កូវ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថា ការចុះឃាត់រថយន្តដឹកពងទានេះ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យក្រុមក្រុមការងារ អន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ សហការជាមួយកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ដឹកស៊ុតទា ចំនួន៣៤,៦០០គ្រាប់ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ដឹកចេញពីប្រទេវៀតណាម ចូលមកកម្ពុជាតាមច្រកស្វាយអាង៉ោង។

បច្ចុប្បន្នក្រុមការងារបានបញ្ជូនបទល្មើស និងវត្ថុតាងទាំងនេះទៅកាន់ចត្តាឡីស័ករបស់អគ្គនាយកដ្ឋាន ដើម្បីចាត់ការទៅតាម និតិវិធីច្បាប់បន្ត៕