(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ, គណៈប្រតិភូជាន់ខ្ពស់តំណាងឲ្យក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៏ឯក គឹម រស្មី អគ្គលេខាធិការរង ក្រសួងការពារជាតិ ចេញដំណើរទៅចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះលើកកម្ពស់កិច្ចសហប្រត្តិបត្តិការកម្ពុជា-បង់ក្លាដេស(JC) លើកទី១ នៅទីក្រុងដាក្កា ប្រទេសបង់ក្លាដេស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងដំណើរបេសកកម្មនេះផងដែរ លោកឧត្តមសេនីយ៏ឯក គឹម រស្មី នឹងត្រូវជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងរដ្ឋាភិបាល និងស្ថាប័នចំណុះឲ្យវិស័យការពារជាតិបង់ក្លាដេស ដើម្បីបង្កើននូវទំនាក់ទំនងជាមិត្តភាព សហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក លើវិស័យការពារជាតិរវាងកម្ពុជា-បង់ក្លាដេស ឲ្យមានការវិវត្តន៏ជឿនលឿនកាន់តែល្អប្រសើរ។

ក្នុងឱកាសនៃការចាកចេញរបស់គណៈប្រតិភូ គេឃើញមានវត្តមាននាយទាហានក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ជាច្រើនរូប អញ្ជើញមកផ្តល់កិត្តិយសក្នុងពិធីជូនដំណើរផងដែរ៕