(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី ដែលស្ថិតក្នុងឃុំភ្នំពេញ ស្រុកគូលែន ដែលត្រឹមតែរយៈពេលប៉ុន្មានឆ្នាំសោះ មានការវិវត្តន៍បានយ៉ាងឆាប់រហ័ស ដោយបានពង្រីកនូវសមាជិក និងភាគហ៊ុនបានយ៉ាងច្រើន។

ការថ្លែងរបស់លោកប្រធានមន្ទីរកសិកម្មបែបនេះ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅផែនការសកម្មភាព សម្រាប់ឆ្នាំ២០២០ របស់សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី ដោយមានការចូលរួមពីលោកមេឃុំ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK Vision Fund ធានាគារអេស៊ីលីដា រួមទាំងថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសមាជិកាជាច្រើនរូបទៀត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោក ពឹង ទ្រីដា បានថ្លែងឲ្យដឹងទៀតថា សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី បានបង្កើតឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ដែលមានសមាជិកសរុប ១៩៧គ្រួសារ ក្នុងនោះស្ត្រីមានចំនួន ១៣០នាក់ និងមានភាគហ៊ុនចំនួន 9227 ហ៊ុន។ បច្ចុប្បន្នសហគមន៍បានពង្រីកសមាជិកបន្ថែមរហូតបាន ៣១២គ្រួសារ និងមានភាគហ៊ុនសរុប ១១០០០ហ៊ុន។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៩នេះ សហគមន៍មានមុខរបរសំខាន់ៗដូចជា៖ ផលិត និងលក់ទឹកស្អាត, តបណ្តាញទឹកស្អាតចែកចាយតាមផ្ទះ, ប្រាក់សន្សំសមាជិកភាព សេវាម៉ាស៊ីនច្រូតស្រូវ លក់អង្ករ និងបានចុះកិច្ចសន្យាផលិតលក់ស្រូវសរីរាង្គ និងដំឡូងមីសរីរាង្គ ជាមួយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា CACC ផងដែរ។

ជាមួយគ្នានេះ ក្នុងផែនការបន្តពីឆ្នាំ២០១៩ និងដើម្បីអនុវត្តឆ្នាំ២០២០ សហគមន៍មានគម្រោងធ្វើឃ្លាំងសម្រាប់ដាក់ស្រូវ ឥណទានសាច់ប្រាក់ (កម្ចីទុន) ជំរុញឲ្យសមាជិកដាក់ហ៊ុន ដើម្បីឲ្យមានឈ្មោះជាសមាជិកសហគមន៍, ជំរុញឲ្យសមាជិកដាក់ប្រាក់សន្សំឲ្យបានទៀងទាត់រាល់មួយខែម្តង, ជំរុញឲ្យសមាជិកចូលរួមចុះឈ្មោះបន្ថែមក្នុងការផលិតស្រូវនិងដំឡូងមីសរីរាង្គ តាមស្តង់ដារក្រុមហ៊ុនឲ្យបាន និងផែនការជាច្រើនទៀត ក្នុងទិសដៅធ្វើយ៉ាងណាឲ្យសហគមន៍កាន់តែមានការអភិវឌ្ឋន៍បន្តទៀត៕