(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ទាំងប្រទេសចិន អាមេរិក និងប្រទេសនៅអឺរ៉ុបផង គឺសុទ្ធតែជាមិត្តរបស់សម្តេច ជាមិត្តរបស់កម្ពុជា ពោលកម្ពុជាមិនមានការរើសអើងចំពោះប្រទេសណាមួយនោះឡើយ។

ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគមួយចំនួន រួមទាំងលោក មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជាផងដែរ បានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រី កំពុងធ្វើនយោបាយការបរទេសដោយមានទំនោរទៅរកចិន ហើយបោះបង់ចោលអាមេរិក និងអឺរ៉ុប។

ក្នុងឱកាសថ្លែងសារពិសេសស្តីពីការដាក់ចេញវិធានការមួយចំនួន ឆ្លើយតបបញ្ហាប្រឈមចំពោះសេដ្ឋកិច្ចកម្ពុជា ព្រោះតែបញ្ហាជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «COVID19» និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បុរសរដ្ឋដែលបានកាន់ចង្កូតនាវាកម្ពុជា ប្រមាណជា៤១ឆ្នាំមកហើយនោះ បានចាត់ទុកការលើកឡើងរបស់អ្នកទាំងនោះ គឺវាយតម្លៃខុសចំពោះគោលជំហរនយោបាយបរទេសរបស់សម្តេច។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា ទាំងប្រទេសចិន អាមេរិក និងអឺរ៉ុប គឺសុទ្ធតែជាមិត្តរបស់សម្តេច ហើយសម្តេចមិនត្រូវការបោះបង់ប្រទេសណា ហើយចាប់ប្រទេសណានោះដែរ គឺចាប់យកទាំងអស់។

មេដឹកនាំដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជារយៈពេលប្រមាណ៣៥ឆ្នាំរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះ «អ៊ីចឹងអ្នកឯងកុំនឹកស្មានថា ខ្ញុំបោះបង់អាមេរិក បោះបង់ចោលអឺរ៉ុប ទៅចាប់ចិនតែឯងនោះ។ អ្នកឯងកំពុងវាយតម្លៃខុសអំពីគោលជំហររបស់ខ្ញុំ មាស នី ខ្លួនឯងវាយតម្លៃខុស។ ខ្ញុំមិនបានបោះបង់ចោលអាមេរិក ហើយខ្ញុំក៏មិនបានបោះបង់ចោលអឺរ៉ុបដែរ។ ខ្ញុំនៅតែទំនាក់ទំនងទាំងអស់ជាមួយប្រទេសអឺរ៉ុប»

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា អាមេរិក ក៏មិនដែលតម្រូវឱ្យកម្ពុជាជ្រើសរើសរវាងអាមេរិក និងចិននោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ខ្ញុំជួបទូតអាមេរិកថ្ងៃមុន អាមេរិក ក៏បាននិយាយដែរថា អាមេរិកគ្មានតម្រូវការឱ្យធ្វើការជ្រើសរើសរវាងអាមេរិក និងចិនទេ។ តាំងពី ចន ឃើរី [អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក] ជំនាន់ អូបាម៉ា មកជួបខ្ញុំនៅទីនេះ។ ចន ឃើរី បានបញ្ជាក់ច្បាស់ថា អាមេរិកគ្មានតម្រូវការឱ្យកម្ពុជាជ្រើសរើសរវាងអាមេរិក និងចិនទេ។ ខ្ញុំក៏បានប្រាប់ ចន ឃើរី ភ្លាម បើឱ្យខ្ញុំរើស ក៏ខ្ញុំមិនរើសដែរ ខ្ញុំអត់មានត្រូវការជ្រើសរើសថា ត្រូវតែយកចិន ឬត្រូវយកអាមេរិក ខ្ញុំយកទាំងអស់។ ជាមិត្តភក្តិរបស់ខ្ញុំទាំងអស់»

សម្តេចតេជោ បានអះអាងថា នយោបាយការបរទេសរបស់កម្ពុជាមិនមានការរើសអើងត្រូវតែចាប់ចិន ហើយមិនធ្វើការជាមួយប្រទេសដទៃនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកវិភាគលើបញ្ហាទំនាក់ទំនងការបរទេសរបស់កម្ពុជាមួយចំនួនទៅរៀនឡើងវិញ ចាំមកវិភាគលើកិច្ចការបរទេស៕