(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារធ្ងន់ៗផ្តាំទៅលោកបណ្ឌិត មាស នី ថា ការវិភាគរបស់បណ្ឌិតរូបនេះ ប្រៀបដូចជាលោកមិនមែនជាជនជាតិខ្មែរ១០០ភាគរយទេ គឺបណ្ឌិត មាស នី ធ្វើការវិភាគដូចជាអាយ៉ងបម្រើបរទេសទៅវិញ។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកលោកបណ្ឌិត មាស នី គឺជាអាយ៉ងបរទេសបែបនេះ ដោយសារបណ្ឌិត មាស នី បានវិភាគខុសនឹងជំហររបស់រាជរដ្ឋាភិបាលសព្វថ្ងៃ ដោយអះអាងថា កម្ពុជាបានបោះបង់អាមេរិក និងអឺរ៉ុប ហើយចាប់យកចិនតែមួយ។

ក្នុងឱកាសថ្លែងសារពិសេសមួយជូនជនជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកបណ្ឌិត មាស នី រៀនឲ្យបានដូចកូនប្រុសរបស់សម្តេច គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាមុនសិន ចាំមកធ្វើការវិភាគ។ សម្តេចថែមទាំងផ្តាំបណ្ឌិត មាស នី កុំឲ្យវិភាគនូវអ្វីដែលខ្លួនមិនចេះនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំលឺ មាស នី និយាយ។ មាស នី! ខ្ញុំផ្តាំទៅ មាស នី! មាស នី ឯងកុំជ្រុលហួស។ ការវិភាគរបស់ មាស នី ឯង មិនមែនខ្មែរ ១០០ភាគរយទេ គួរតែជាជនជាតិបរទេស ទើបវាត្រឹមត្រូវជាង។ ខ្ញុំអាចហ៊ានវាយតម្លៃ អ្នកឯងគឺជាអាយ៉ងបរទេសពិតប្រាកដ មិនមែនជាខ្មែរទេ»

សម្តេចមានប្រសាសន៍បន្តថា «អ្នកឯងកុំអាងខ្លួនបណ្ឌិត! ពួកខ្ញុំមានបណ្ឌិតច្រើនណាស់ ហើយខ្ញុំស្នើឲ្យ មាស នី រៀនឲ្យស្មើតែកូនប្រុសខ្ញុំទៅបានហើយ ព្រោះលក្ខណៈសម្បត្តិរបស់ មាស នី ឯងមិនអាចទៅរកបណ្ឌិតសភាយោធាអាមេរិកាំងបានទេ វាអត់កន្លែងហ្នឹង។ ចេះកន្លែងដទៃ អាចពូកែដូចកូនរបស់ខ្ញុំ ប៉ុន្តែទៅរកខាងបណ្ឌិតសភាយោធាអាមេរិក West Point រកមិនបានទេ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាមិនបានបង់បោះចោលអាមេរិក និងអឺរ៉ុប ទៅចាប់យកចិនទេ គឺកម្ពុជារាប់អានគ្រប់ប្រទេសទាំងអស់ជាមិត្ត ហើយកម្ពុជា ក៏នៅរក្សាទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសទាំងអស់ នៅក្នុងសហគមន៍អឺរ៉ុបផងដែរ។ សម្តេចមានប្រសាសន៍ទៀតថា បណ្ឌិត មាស នី ស្គាល់នយោបាយការបរទេសតិចពេកហើយ ហើយសង្ឈឹមថា នឹងទៅរៀនសូត្រឡើងវិញ។

សម្តេចបញ្ជាក់ថា «អ្នកឯងកុំនឹកស្មានថា ខ្ញុំបោះបង់អាមេរិក បោះបង់ចោលអឺរ៉ុប ហើយទៅចាប់ចិនតែឯងនោះ អ្នកឯងកំពុងតែវាយតម្លៃខុស អំពីគោលជំហររបស់ខ្ញុំ។ មាស នី ខ្លួនឯងវាយតម្លៃខុស ខ្ញុំមិនបានបោះបង់ចោលអាមេរិក ហើយខ្ញុំក៏មិនបានបោះបង់ចោលអឺរ៉ុបដែរ។ ខ្ញុំនៅទំនាក់ទំនងទាំងអស់ ជាមួយនឹងប្រទេសអឺរ៉ុប»

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសថា ក្នុងខែមីនា ខាងមុខនេះ សម្តេចនឹងទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងជួបពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតី ដូ ណាល់ត្រាំ ទៀតផង។ សម្តេចបញ្ជាក់ថា ក្រុមដែលចង់ធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចនៅអាមេរិក ក៏ត្រៀមឲ្យហើយទៅ ឯអ្នកគាំទ្រសម្តេចនោះ ក៏ត្រូវត្រៀមខ្លួនឲ្យហើយដែរ៕