(ក្រិក)៖ គណៈប្រតិភូនៃសាកលវិទ្យាល័យបាត់ដំបង ដឹកនាំដោយ លោកបណ្ឌិត សំ រ៉ានី តំណាងលោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង និងសហការី បានចូលរួមប្រជុំបើកគម្រោងថ្មីមួយដែលមានឈ្មោះថា ជំនាញបង្រៀនក្នុងសតវត្សទី ២១ (21st Teaching Skills) ដែលបានប្រពឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ នៅសាកលវិទ្យាល័យអាយយ៉ូអានីនា (Ioannina) នៃសាធារណៈរដ្ឋក្រិក។

គម្រោងនេះ ជាផ្នែកមួយនៃគម្រោងកសាងសមត្ថភាព នៅថ្នាក់ឧត្តមសិក្សាដែលមានទឹកប្រាក់សរុបចំនួនមួយលានយ៉ូរ៉ូ ក្នុងរយៈពេល៣ ឆ្នាំ (២០២០- ២០២២) ក្រោមហិរញ្ញប្បទាន របស់សហគមន៍អឺរ៉ុប។

គម្រោងនេះ មានគោលបំណងសំខាន់ៗចំនួន៦ដូចជា៖
១៖ ការកែលម្អគុណភាពអប់រំថ្នាក់ឧត្តមសិក្សា និងការអប់រំពេញមួយជីវិត
២៖ ការលើកកម្ពស់គុណភាពអប់រំ សម្រាប់ឱកាសទីផ្សារការងារ
៣៖ ការកែលម្អកម្រិតសមត្ថភាព និងជំនាញនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា
៤៖ លើកស្ទួយសមត្ថភាពនវានុវត្តន៍ និងអន្តរជាតូបនីយកម្មក្នុងគ្រឹះស្ថានឧត្តមសិក្សា
៥៖ ការលើកកម្ពស់ ការអភិវឌ្ឍន៍កម្មវិធីសិក្សាស្របតាមស្តង់ដារសហភាពអឺរ៉ុប ក្នុងជំនាញសិក្សាអប់រំ នៅក្នុងប្រព័ន្ធអប់រំឧត្តមសិក្សា និង
៦៖ ការលើកកម្ពស់ឱ្យមានទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលការយល់ដឹង និងការយោគយល់ពីអន្តរវប្បធម៌។

គម្រោងនេះមានដៃគូ ចំនួន០៦ ប្រទេសក្នុងនោះ ទ្វីបអឺរ៉ុបរួមមាន (ក្រិក លីទុយអានី និងលុចសំបួ) និងទ្វីបអាស៊ីរួមមាន(កម្ពុជា ចិន និងឥណ្ឌា)។

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់បណ្តាសាកលវិទ្យាល័យដៃគូដូចជា បុគ្គលិកសិក្សា គ្រូបង្រៀនថ្នាក់ឧត្តមសិក្សា និស្សិត សិក្ខាកាម បុគ្គលិករដ្ឋបាល បុគ្គលិកបច្ចេកទេស និងបណ្ណារក្ស។

សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យបាត់ដំបង ជាសាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានទទួល គម្រោងកសាងសមត្ថភាព នៅថ្នាក់ឧត្តមសិក្សាចំនួន១៧គម្រោងក្រោមហិរញ្ញប្បទាន របស់សហគមន៍អឺរ៉ុប គិតចាប់ពីឆ្នាំសិក្សា២០១៥ ដល់ ២០១៩៕