(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ចិននឹងបន្តការខិតខំជួយសម្រាលការលំបាករបស់កម្ពុជាលើបញ្ហាសេដ្ឋកិច្ច ក្រោយពេលគណៈកម្មការអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីអ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)។

គណៈកម្មអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ បានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ ពោលគឺសម្រេចយកពន្ធលើទំនិញកម្ពុជាប្រមាណជា ២០ភាគរយ លើទំនិញប្រមាណជា៤០មុខ ដែលភាគច្រើនជាទំនិញសម្លៀកបំពាក់ និងការបូបយួរតាមខ្លួន។ ក្នុងមួយឆ្នាំកម្ពុជានាំទំនិញទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុបប្រមាណជា ៤ពាន់លានដុល្លារអាមេរិក។ ការយកពន្ធ២០ភាគរយនេះ នាំឱ្យទំនិញរបស់កម្ពុជាប្រមាណជា ១ពាន់លានដុល្លារអាមេរិក នឹងត្រូវបង់ពន្ធក្នុងរង្វង់ទឹកប្រាក់ជាង ១០០លានដុល្លារ។

ការសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ នឹងចូលជាធរមាននៅខែសីហា ឆ្នាំ២០២០ខាងមុខ ប្រសិនបើសភាអឺរ៉ុបមិនបដិសេធទេនោះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនរួចហើយ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះសហគ្រាសកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក៏ដូចជាកាបូបយួរតាមខ្លួននៅក្នុងប្រទេសកម្ពុជា។

ប្រទេសចិន ជាប្រទេសមួយដែលមានអ្នកវិនិយោគរហូតដល់ទៅ៧០ភាគរយ កំពុងវិនិយោគលើរោងចក្រ សហគ្រាសលើវិស័យវេយណភណ្ឌនៅកម្ពុជា។ ប្រទេសចិន ក៏ជាប្រទេសនាំចូលផលិតផល ដែលផលិតនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិលើវិធានការដោះស្រាយបញ្ហាប្រឈមចំពោះសេដ្ឋកិច្ចកម្ពុជា ដែលបង្កដោយជំងឺផ្លូវដង្ហើមកើតពីមេរោគ «COVID19» និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃទី០៥ ខែកុម្ភៈ កន្លងទៅ សម្តេចបានស្នើសុំ៣ចំណុចទៅកាន់រដ្ឋាភិបាលចិនជួយដោះស្រាយពេលមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។

សំណើ៣ចំណុចដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំទៅប្រធានាធិបតីចិននោះរួមមាន៖ ១៖បន្តលើកទឹកចិត្តអ្នកវិនិយោគចិន ដែលកំពុងរកស៊ីនៅកម្ពុជាបន្តដំណើរការរោងចក្រសហគ្រាសរបស់ពួកគេ, ២៖បន្តជំរុញអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែម និងទី៣៖ បើកទីផ្សារឱ្យកាន់តែធំសម្រាប់ទំនិញរបស់កម្ពុជា។

បច្ចុប្បន្នទំនិញកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិមានរហូតដល់ទៅ១៤ពាន់លានដុល្លារអាមេរិក ក្នុងនោះអឺរ៉ុបមានប្រមាណជា ៤ពាន់លានដុល្លារអាមេរិក។ ខណៈជាង ១០ពាន់លានដុល្លារនាំទៅកាន់ប្រទេសផ្សេងៗទៀត រួមមានទាំងចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយរបស់អឺរ៉ុប នឹងមិនធ្វើឱ្យកម្ពុជាស្លាប់នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «មិនអាចសម្លាប់កម្ពុជាបានក្នុងរបៀបណាមួយបាននោះទេ។ កម្ពុជាធ្លាប់បានគេបិទមាត់ជិតនៅក្នុងអតីតកាល កម្ពុជាប្រឹងរស់មកដល់ថ្ងៃនេះ។ អ៊ីចឹងទេ ខ្ញុំសង្ឃឹមថា មិត្តចិននឹងបន្តការខិតខំជួយយើង ទោះបីជាជួយមិនបានទាំងអស់ ប៉ុន្តែអាចសម្រាលបាននូវការលំបាក និងជួយពន្លឿនសេដ្ឋកិច្ចរបស់កម្ពុជា»

សហភាពអឺរ៉ុប សម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា ក្រោមហេតុផលថា កម្ពុជាធ្វើឱ្យធ្លាក់នូវការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យកម្ពុជាកែលំអរនូវចំណុចទាំងអស់នេះ។ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកមិញនេះ បានអះអាងជាថ្មីថា សម្តេចមិនតវ៉ាសុំការអនុគ្រោះពីអឺរ៉ុបនោះឡើយ កុំថាឡើយ ២០ភាគរយ ទោះព្យួរប្រព័ន្ធអនុគ្រោះពន្ធ ១០០ភាគរយ ក៏សម្តេចទទួលយកដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកការចុះញមចំពោះមុខការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ គឺជានាំឱ្យមានឱនភាពចំពោះអធិបតេយ្យរបស់កម្ពុជា ដែលជាប្រទេសឯករាជ្យមួយ។ សម្តេចតេជោធ្លាប់ប្រកាសថា សម្តេចទទួលយកនូវអ្វីដែលជាការសម្រេចរបស់សហភាពអឺរ៉ុប តែអឺរ៉ុប ក៏ត្រូវតែទទួលយកនូវអ្វីដែលជាការសម្រេចរបស់ច្បាប់កម្ពុជាពាក់ព័ន្ធលើរឿងនយោបាយផងដែរ៕