(ព្រះសីហនុ)៖ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៅទាបភ្លឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានជិះម៉ូតូល្បាតតាមផ្លូវ ពេលដល់ចំណុចផ្លូវភ្នំខៀវស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ផ្លាកលេខពោធិ៍សាត់ 1G-0693 ក្នុងដៃមានកាន់សោរច្នៃសម្រាប់កាច់បំបែក សោរកម៉ូតូ បម្រុងចុះទៅលួចកាច់សោកម៉ូតូប្រជាពលរដ្ឋដែលនៅទីនោះ។

ឃើញបែបនេះកម្លាំងល្បាត ក៏ចុះទៅឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ តែជនសង្ស័យបានព្យាយាមរត់គេចខ្លួនដោយថ្មើរជើង តែកម្លាំងយើងដេញប្រផាប់ចាប់ប្រភីង ចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ២នាក់តែម្តង។

បន្ទាប់ពីបានធ្វើការឆែកឆេរនៅលើខ្លួនជនសង្ស័យ រកឃើញសោច្នៃសម្រាប់កាច់បំបែកសោកម៉ូតូចំនួន ៤ដើម និងសម្ភារវត្ថុតាងផ្សេងៗមួយចំនួនទៀត។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១ ៖ ឈ្មោះ អាយ អ៊ឹន អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
*ទី២ ៖ ឈ្មោះ ភឹម ហាច អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបាន៖

*ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ បិទតែមស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ផ្លាកលេខ ពោធិ៍សាត់ 1G-0693 (លេខក្លែងក្លាយ)
*សោច្នៃសម្រាប់កាច់បំបែកសោកម៉ូតូចំនួន ៤ដើម
*សោស្រាប់តភ្ជាប់ សោច្នៃកាច់បំបែកសោកម៉ូតូ ១ដើម
*ទល់រឺវីស ១ដើម
*ដែកអក្សរ V ១ដើម (សម្រាប់ឆ្កឹះមេសោ)
*សោរថយន្ត១
*ទូរស័ព្ទដៃ ៤គ្រឿង (ម៉ាក OPPO ២គ្រឿង និងម៉ាក NOKIA អិនចុចពិល ២គ្រឿង)
*មួកកាតិប២
*ម៉ាស២។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ដើម្បីចាត់ការតាមច្បាប់៕