(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋ បានប្រកាសថា កម្ពុជាមិនថយក្រោយ ក្នុងការកាត់ក្ដីលើជនក្បត់ជាតិ ឬអ្នកដែលទទួលទណ្ឌកម្មនោះទេ ហើយសម្ដេចក៏ព្រមានបិទការចរចា ជាមួយភាគីណាទាំងអស់ ដែលចង់ឲ្យសម្ដេចជួយអ្នកដែលតុលាការកំពុងកាត់ក្ដី។

បើទោះបីមិននិយាយចំឈ្មោះបុគ្គលណាក៏ពិតមែន ប៉ុន្ដែគេអាចសន្និដ្ឋាន និងវាយតម្លៃបានថា អ្នកដែលកំពុងត្រូវបានតុលាការកាត់ក្ដី ពាក់ព័ន្ធរឿងក្បត់ជាតិនេះ គឺលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលរហូតមកដល់ពេលនេះ តុលាការកំពុងដំណើការទៅតាមនីតិវិធី ដោយគ្មានអ្វីជាការរាំងស្ទះនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាមានការទទួលខុសត្រូវចំពោះជាតិរបស់ខ្លួន មិនអាចទុកឲ្យអ្នកដែលបំផ្លាញជាតិបានរួចខ្លួនទាល់តែសោះហើយ ដំណើរការផ្លូវច្បាប់នៅក្នុងតុលាការនៅតែបន្ដ អត់មានថយក្រោយទេ ហើយសម្ដេចអះអាងថា ប្រទេសផ្សេងអនុវត្តតាមច្បាប់របស់គេផ្សេង ហើយកម្ពុជាក៏មានសិទ្ធិអនុវត្តច្បាប់តាមកម្ពុជាដូចគ្នាដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះសូមជូនសារជាក់លាក់ច្បាស់លាស់ថា កម្ពុជាមិនថយក្រោយលើការកាត់ក្ដីចំពោះជនក្បត់ជាតិ ឬអ្នកដែលទទួលនូវទណ្ឌកម្មទេ។ អ្នកឯងត្រូវតែច្បាស់ អ្វីដែលអ្នកឯងបានធ្វើ អ្នកឯងត្រូវចាំអ្នកឯងយកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ គឺជាថ្ងៃផ្ដាច់ព្រ័ត្រ ក្នុងការផ្ដួលរំលំ បន្ទាប់ពីអ្នកឯងប្ដេជ្ញាលើរឿងនេះហើយ ហិង្សាបានកើតឡើងនៅផ្លូវវេងស្រេង ចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ មនុស្សប៉ុន្មាននាក់បានស្លាប់ ទ្រព្យសម្បត្តិសាធារណៈ និងឯកជន តើអ្នកណាត្រូវសង? អ្នកឯងត្រូវតែទទួលនូវទណ្ឌកម្មបែបនេះ គឺមិនអាចលើកលែងបានទេ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានលើកជាឧទាហរណ៍ដែរថា នៅប្រទេសថៃ ក៏ទើបនឹងរំលាយគណបក្សនយោបាយមួយ ដែលមានអាសនៈនៅក្នុងសភា ហើយហាមឃាត់អ្នកធ្វើនយោបាយ រហូតទៅដល់១០ឆ្នាំឯណោះ ហេតុអ្វីអកុសលសម្រាប់កម្ពុជា គ្រាន់តែការពារឯករាជ្យ អធិបតេយ្យរបស់ជាតិខ្លួន ក៏ត្រូវបានគេដាក់ទណ្ឌកម្មបែបនេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដអះអាងថា ប្រទេសនីតិរដ្ឋមួយ នៅក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យ ត្រូវមានការទទួលខុសត្រូវចំពោះប្រជាជាតិរបស់ខ្លួន ហើយកម្ពុជារំលាយគណបក្សនយោបាយក្បត់ជាតិតែមួយប៉ុណ្ណោះ ខណៈគណបក្សនយោបាយជាច្រើនផ្សេងទៀត បានចុះបញ្ជីត្រឹមត្រូវក្នុងក្រសួងមហាផ្ទៃ ហើយក៏ដំណើរការដោយគ្មានការហាមឃាត់។

បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏ព្រមានផងដែរថា គ្មានការចរចាពីគ្រប់ភាគីណាទាំងអស់ ដើម្បីអន្ដរាគមន៍ចង់ឲ្យសម្ដេចស្នើលើកលែងការចោទប្រកាន់ បុគ្គលដែលតុលាការកំពុងកាត់ក្ដី ដើម្បីដោះដូរជាមួយជំនួយណាមួយនោះ គឺមិនអាចទៅរួចនោះឡើយ។

សូមជម្រាបថា ការជំនុំជម្រះក្តីលើសំណុំសន្ទិដ្ឋិភាពជាមួយបរទេស ឬការប្រព្រឹត្តទង្វើក្បត់ជាតិរបស់លោក កឹម សុខា បានឈានមកដល់សប្តាហ៍ទី៤ ហើយ។ ថ្ងៃទី០៥-០៦ ខែកុម្ភៈ ឆ្នាំ២០២០ សវនាការបានជជែកដេញដោលបញ្ចប់លើអង្គហេតុបង្កើត និងដំណើរការគណបក្សសិទ្ធិមនុស្ស ដែលជាអង្គហេតុស្ថិតនៅក្នុងឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។

សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា បន្ទាប់ពីដំណើរការស៊ើបអង្កេតអស់រយៈពេលជាងពីរឆ្នាំ ត្រូវបានលើកមកជំនុំជម្រះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងទៅ។ សវនាការជំនុំជម្រះក្តីនេះ ធ្វើឡើងពីរថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ តំណាងស្ថានទូតបរទេសប្រចាំនៅកម្ពុជា ដូចជាស្ថានទូតរបស់អាមេរិក អូស្ត្រាលី បណ្តាប្រទេសនៅតំបន់អឺរ៉ុប សហគមន៍អឺរ៉ុប តំណាងអង្គការសហប្រជាជាតិ ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មាន ត្រូវបានចូលរួមតាមដានស្តាប់សវនាការនេះផងដែរ។

គួររំលឹកថា តុលាការថៃបានចេញសេចក្តីសម្រេចហើយ ដោយបញ្ជាឲ្យរំលាយគណបក្សឆ្ពោះទៅរកអនាគត (Future Forward Party ឬ FFP) ដែលមានមេដឹកនាំ ជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ផុសផុល ហើយក៏បានធ្វើការរិះគន់រដ្ឋាភិបាលថៃរបស់លោក ប្រាយុទ្ធ ចាន់អូចា យ៉ាងសកម្មភាពផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នាល្ងាចថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសេចក្តីសម្រេចរបស់តុលាការថៃបានបញ្ជាក់ថា ប្រាក់កម្ចី ១៩១.២លានបាត (៦លានដុល្លារអាមេរិក) ត្រូវបានបញ្ចូលទៅក្នុងគណបក្ស FFP ដោយប្រធានគណបក្សនេះផ្ទាល់គឺលោក ថាណាថន ចងរុងរឿងឃីត (Thanathorn Juangroongruangkit) ដែលជាអតីតមហាសេដ្ឋីថៃមួយផងដែរនោះ បានរំលោភច្បាប់ផ្នែកហិរញ្ញវត្ថុ នៃគណបក្សនយោបាយ «ដូច្នេះគណបក្សទាំងមូលត្រូវរំលាយចោល ហើយសមាជិកទាំងអស់ នៃគណៈកម្មាធិការប្រតិបត្តិក្នុងគណបក្ស FFP រួមទាំងលោក ថាណាថន ផងដែរត្រូវបានហាមមិនឲ្យប្រឡូកនយោបាយរយៈពេល១០ឆ្នាំ»

គួររំលឹកថា នាពេលថ្មីៗតុលាការថៃបានចេញសេចក្តីសម្រេចហើយ ដោយបញ្ជាឲ្យរំលាយគណបក្សឆ្ពោះទៅរកអនាគត (Future Forward Party ឬ FFP) ដែលមានមេដឹកនាំ ជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ផុសផុល ហើយក៏បានធ្វើការរិះគន់រដ្ឋាភិបាលថៃរបស់លោក ប្រាយុទ្ធ ចាន់អូចា យ៉ាងសកម្មភាពផងដែរ។

នៅក្នុងសេចក្តីសម្រេចរបស់តុលាការថៃបានបញ្ជាក់ថា ប្រាក់កម្ចី ១៩១.២លានបាត (៦លានដុល្លារអាមេរិក) ត្រូវបានបញ្ចូលទៅក្នុងគណបក្ស FFP ដោយប្រធានគណបក្សនេះផ្ទាល់គឺលោក ថាណាថន ចងរុងរឿងឃីត (Thanathorn Juangroongruangkit) ដែលជាអតីតមហាសេដ្ឋីថៃមួយផងដែរនោះ បានរំលោភច្បាប់ផ្នែកហិរញ្ញវត្ថុ នៃគណបក្សនយោបាយ «ដូច្នេះគណបក្សទាំងមូលត្រូវរំលាយចោល ហើយសមាជិកទាំងអស់ នៃគណៈកម្មាធិការប្រតិបត្តិក្នុងគណបក្ស FFP រួមទាំងលោក ថាណាថន ផងដែរត្រូវបានហាមមិនឲ្យប្រឡូកនយោបាយរយៈពេល១០ឆ្នាំ»