(កំពង់ចាម)៖ នារសៀលថ្ងៃទី២៤ ខែ កុម្ភៈឆ្នាំ ២០២០ នាយឧត្តមសេនីយ៍ គន់ គីម បានបើកកិច្ចប្រជុំ ដើម្បីបូកសរុប លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជន នៅខេត្តកំពង់ចាម ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរជុំវិញខេត្ត និងមន្រ្តីមកពីតាមបណ្តាឃុំសង្កាត់ក្រុងស្រុកសរុបចំនួន ៣២៣នាក់។

របាយការណ៍របស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ គ្រោះទឹកជំនន់បានប៉ះពាល់ដល់ ០៩លើ១០ក្រុង-ស្រុក, ឃុំ-សង្កាត់ចំនួន ៤៧លើ ១០៩ ស្មើនឹង២៦២ភូមិ/៩១៦ភូមិ ដែលជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៖ ចំនួន ៤,១៧៨គ្រួសារ ស្មើនឹង ៧,៤៥៤នាក់ សត្វ ៩.៥២០ក្បាល ទៅកាន់ទួលសុវត្ថិភាពចំនួន ៤២ទីទួល, លិចដំណាំស្រូវ ៤,៨៥៥ហិចតា ក្នុងនោះ ខូចខាត១,០១៧ហិចតា។

ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីសម្តេចតេជោ ហ៊ុន សែន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តបានធ្វើការឆ្លើយតប ទាន់ពេលវេលា និងបានកាត់បន្ថយអត្រានៃការស្លាប់គួរកត់សំគាល់។

នាយឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់ផងដែរថា យោងតាមលិខិតបទដ្ឋានគតិយុត្តស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកពង្រឹង សមត្ថភាព និង រចនាសម្ព័ន្ធត្រៀមរៀបចំជាស្រេចសម្រាប់រដូវទឹកជំនន់ខាងមុខ ដើម្បីធានាផ្តល់សេវា ឆ្លើយតប សង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋជាពិសេសគឺអ្នកងាយរងគ្រោះបំផុតឱ្យបានទាន់ ពេលវេលាដោយមិន ត្រូវទុក អ្នកណាម្នាក់ចោលឡើយ។

នាយឧត្តមសេនីយ៍បន្តថា ដើម្បីសម្រេចកិច្ចការនេះបានកាន់តែល្អ ជាការចាំបាច់ត្រូវ សហការជាមួយគ្រប់ភាគីពាក់ព័ន្ធជាពិសេសគឺកាកបាទក្រហមកម្ពុជា និងក្រសួងមន្ទីរពាក់ព័ន្ធ ដោយ ហេតុថា ការងារគ្រប់គ្រងគ្រោះមហន្តរាយមិនមែនជាការងាររបស់ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយតែឯងនោះទេ តែជាភារកិច្ចរបស់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់។

ចំពោះគ្រោះរាំងស្ងួត ជាការចាំបាច់ដែលក្រសួង មន្ទីរជំនាញត្រូវសហការគ្រប់គ្រងទឹកសម្រាប់ទាំងការដាំដុះនិងសម្រាប់ មនុស្សប្រើប្រាស់។ លើសពីនេះ លោកក៏បានជំរុញលើកទឹកចិត្តដល់មន្ត្រីបន្ត រៀនប្រើប្រាស់ បច្ចេកវិទ្យាដើម្បីជួយសម្រួលដល់ការងារឱ្យបានទាន់ពេលវេលា។

ចំពោះការងារសមាគម អតីតយុទ្ធជន ក្រោយពីស្តាប់របាយការណ៍របស់ លោកអនុប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាមរួចមក នាយឧត្តមសេនីយ៍បានវាយតំលៃខ្ពស់ និងកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំខេត្តដែលតែងតែយកចិត្តទុកដាក់ និងដោះស្រាយការលំបាករបស់បងប្អូនអតីតយុទ្ធជន និងបានណែនាំឱ្យបន្តចុះទៅស្វែងយល់អំពីស្ថានភាពជីវភាព រស់នៅរបស់គ្រួសារ អតីតយុទ្ធជនដែលនៅជួបការលំបាកខ្វះខាត ដើម្បីដាក់ចេញនូវផែនការជួយគាំទ្រឱ្យទាន់ពេល វេលាដើម្បីឱ្យស្មើគុណបំណាច់ដែលពួកគាត់បានលះបង់សម្រាប់ ប្រទេសជាតិរហូតដល់អាចកសាង បានសន្តិភាពរហូតដល់បច្ចប្បន្ន។

ជាកិច្ចបញ្ចាប់ នាយឧត្តមសេនីយ៍ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ ជូនជាពិសេសចំពោះបងប្អូនអតីតយុទ្ធជន៕