(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានណែនាំឲ្យមន្ទីរសុខាភិបាលខេត្ត ត្រូវគ្រប់គ្រងឲ្យបានលើការងារសេវាឯកជន ទាំងផ្នែកវេជ្ជសាស្ត្រ ឱសថសាស្ត្រ អមវេជ្ជសាស្ត្តឱសថបុរាណ និងគ្រឿងសម្អាងគ្រប់ប្រភេទ គ្រប់គ្រង និងត្រួតពិនិត្យលើគុណភាព នៃការផ្តល់សេវា សុវត្ថិភាពចំណីអាហារ តាមបណ្តាភោជនីយដ្ឋាន និងសេវាកំសាន្តនានាឲ្យបានល្អ។

ថ្លែងក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី១៧ និងពិនិត្យរួមគ្នា សមិទ្ធិផលការងារសុខាភិបាលខេត្តឧត្តរមានជ័យ ក្នុងឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ប៉ែន កុសល្យ បានផ្តល់អនុសាសន៍ លើកម្មវធីផ្តល់សេវាសុខាភិបាលសាធារណៈ ផ្អែកតាមកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការងារចូលរួមកាត់បន្ថយភាពក្រីក្រនូវសកម្មភាពមួយចំនួន ដើម្បីឲ្យមន្ទីរសុខាភិបាល យកទៅអនុវត្តរួមមាន៖

* ត្រូវទទួលខុសត្រូវ លើបញ្ហាសុខភាពសាធារណៈទូទៅក្នុងខេត្ត ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាអ្នកផ្តល់សេវា។ ជាពិសេសវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប ត្រូវគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ ក្នុងនាមអ្នកបំរើសេវាឲ្យជនដែលត្រូវរងគ្រោះ ដោយសារជំងឺ ឫហានិភ័យសុខភាពផ្សេងៗ។

* ត្រូវប្រកាន់យ៉ាងខ្ចាប់ខ្លួន នូវភាពស្មោះត្រង់ និងគោលការណ៍សីលធម៌ ភាពសុច្ចរិត យុត្តិធម៌ និងភក្តីភាព ក្នុងការប្រកបវិជ្ជាជីវៈឲ្យមានប្រសិទ្ធភាព ធានាការពារកិត្តិយស និងឥស្សរៈភាព របស់វិជ្ជាជីវៈវេជ្ជសាស្ត្រ ធ្វើឲ្យប្រសើរឡើងនូវការរក្សា និងការលើកកម្ពស់សុខភាពរាងកាយ និងស្មារតីជូនចំពោះបុគ្គលិក និងសង្គម។

ជាមួយគ្នានោះ លោក ប៉ែន កុសល្យ ក៏បាន ណែនាំឲ្យមន្ទីរសុខាភិបាលខេត្ត ត្រូវគ្រប់គ្រងឲ្យបានលើការងារសេវាឯកជន ទាំងផ្នែកវេជ្ជសាស្ត្រ ឱសថសាស្ត្រ អមវេជ្ជសាស្ត្រ ឱសថបុរាណ និងគ្រឿងសម្អាងគ្រប់ប្រភេទ។ លើកកំពស់បន្ថែមទៀត ការថែទាំសុខភាពមាតា-ទារក និងអាហាររូបត្ថម្ភ ដោយកាត់បន្ថយ ជាអតិបរិមា នូវករណីស្លាប់របស់មាតា និងទារក។ បង្កើនការទប់ស្កាត់ការរីករាលដាលជំងឺឆ្លង និងមិនឆ្លងគ្រប់ប្រភេទ ដោយរាប់បញ្ចូលជំងឺ ដែលកើតឡើងថ្មីៗ និងជំងឺដែលឆ្លងពីសត្វមកមនុស្ស ដែលកំពុងតែក្តៅគគុក នាពេលបច្ចប្បន្ន គឺជំងឺ COVID-19។

សូមបញ្ជាក់ថា ពេញមួយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីបើកសន្និបាត និងបិទសន្និបាតប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ដោយមានការចូលរួម បើកសន្និបាតដោយលោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ដោយឡែក ពិធីបិទសន្និបាតក្រោមវត្តមាន លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងមានការចូលរួម ពីលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត និងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត ស្រុក និងមន្ត្រីសុខាភិបាលតាមស្រុក មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពជាច្រើនរូបទៀតផងដែរ៕