(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង បានលើកឡើងថា សុខសន្តិភាពមិនត្រឹមផ្ដល់ ឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជារស់នៅក្នុងសេចក្ដីសុខសាន្ត និងមានភាពកក់ក្ដៅទាំងផ្លូវចិត្ត និងផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់ឱកាសបានរួបរួមសាមគ្គីគ្នា កសាងនូវសមិទ្ធផលនានា ជាច្រើនឡើងវិញ ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រក្នុងក្របខណ្ឌទូទាំងតាមកម្លាំងសុទ្ធាជ្រះថ្លារ និងបំណងប្រាថ្នារៀងៗខ្លួន។

ការលើកឡើងបែបនេះរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពីធីបញ្ចុះខណ្ឌសីមា វត្តរុក្ខាបុប្ផាព្រៃស្អាត ហៅវត្តអន្លង់ក្រាញ់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ជា ចាន់តូ បានបន្តទៀត ព្រះវិហារថ្មីដែលព្រះសង្ឃ និងប្រជាជនភូមិអន្លង់ក្រាញ់ ឃុំពពក ទទួលបាននៅពេលគឺ មិនអាចកាត់ចេញបានពីផលនៃផ្លែផ្កាពី កក្តាសុខសន្តិភាពបានឡើយ។ សន្តិភាពដែលកម្ពុជាមានដូចថ្ងៃនេះ គឺជាការបិតបញ្ចប់ទាំងស្រុង នូវសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជារាប់ទសវត្សកន្លងមកនេះ ដោយខ្មែរខ្លួនឯង។

លោកបានបន្ដថា ជាក់ស្ដែងដូចនៅបំបន់ស្រុកស្ទោងនេះ ប្រជាជនធ្លាប់ទទួលរងគ្រោះពី សង្រ្គាមគ្មានថ្ងៃណាស្គាល់សេចក្ដីសុខដូចពេលនេះឡើង។ ជាមួយនេះថែមទាំងផ្ដល់ឱកាស បានចូលរួមចំណែកនៅក្នុងកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យថែមទៀត ក្នុងនោះរួមទាំងវិស័យព្រះពុទ្ធសាសនាផងដែរ ដូចជាព្រះវិហារថ្មីវត្តរុក្ខាបុប្ផាព្រៃស្អាត ហៅវត្តអន្លង់ក្រាញ់ ដែលប្រារព្ធពីធីបញ្ចុះខណ្ឌសីមានាពេលនេះ ជាសក្ខីភាពដែលបានមកពីសុខសន្តិភាព។

លោក ជា ចាន់តូ បានបញ្ជាក់ថា ដូចនេះត្រូវរួមគ្នាថែរក្សាការពារសន្តិភាពដែលកម្ពុជា ទទួលបានក្រោមនយោយបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នេះឲ្យបានគង់វង្ស និងស្ថិតស្ថេរជានិរន្ត ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យទទួលបាន ការរីកចម្រើនថ្មីៗបន្ថែមទៀត។

លោក ជា ចាន់តូ បានរំលឹកដល់ប្រជាពលរដ្ឋថា គ្មានសេចក្ដីស្ងប់ណាជាងសេចក្ដីសុខទេ ហើយក៏គ្មានសេចក្ដីសុខណា ប្រសើរជាងការរស់នៅក្រោយដំបូល នៃសន្តិភាពនោះដែរ។

សូមជម្រាបថា តាមការបញ្ជាក់ពីលោក ណែត សារី អភិបាលស្រុកស្ទោង បានឲ្យដឹងថា វត្តរុក្ខាបុប្ផាព្រៃស្អាត ហៅវត្តអន្លង់ក្រាញ់ ដែលប្រារព្ធពីធីបញ្ចុះខណ្ឌសីមា នាថ្ងៃនេះស្ថិត
នៅភូមិអន្លង់ក្រាញ់ ឃុំពពកស្រុកស្ទោងខេត្តកំពង់ធំ។ លោកបានបន្ដថា ព្រះវិហារនេះបានផ្ដួចផ្ដើមកសាងក្នុងឆ្នាំ២០១៣ ក្រោមការដឹកនាំកសាង ដោយព្រះសុធម្មប្បញ្ញា ណិប អ៊ាន និងលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ដោយសាងសង់ពីថ្មទំហំ១២ម៉ែត្រគុណ២៤ម៉ែត្រ និងមានកំពស់២៨ម៉ែត្រ ដែរចំណាយទឹកប្រាក់សរុបអស់ជិត៣០ម៉ឺនដុល្លាអាមេរិក ក្រោមកម្លាំងមហាសាមគ្គី របស់សប្បុរសជនជិតឆ្ងាយ។

លោកបានបន្ដថា ក្នុងនោះលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា បានចូលរួមបច្ច័យចាប់ផ្ដើម ក្នុងការកសាងចំនួន១១ ២០០ដុល្លាអាមេរិកនិងប្រាក់រៀល១០លានរៀល។ ដើម្បីបន្តកសាងសមិទ្ធផលថ្មីៗ ក្នុងវត្តឯទៀតលោក ជា ចាន់តូបានឧត្ថម្ភបច្ច័យចំនួន៤០លានរៀល ដល់វត្តវត្តរុក្ខាបុប្ផាព្រៃស្អាត ហៅវត្តអន្លង់ក្រាញ់, វត្តពពក១០លានរៀល វត្តស្រែក្រសាំង១០លានរៀល និងវត្ត១០លានទៀត ដល់ពោធិដំណាក់ និងបាននាំយកអំណោយមួយចំនួនមានថវិកាក្រណាត់ស សារុង សៀវភៅ ប៊ិច និងខ្មៅដៃចែកជូន ដល់លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមផងដែរ៕