(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបថា ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អាចនឹងកោះហៅអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ឱ្យចូលបំភ្លឺនាពេលខាងមុខនេះ ពាក់ព័ន្ធនឹងករណីដែលរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសថាស្រ្តីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំ ជាអ្នកដំណើរតាមនាវាទេសចរណ៍ Westerdam ដែលចាកចេញពីកម្ពុជានោះ មានជំងឺកូរ៉ូណាថ្មី ឬ Covid-19 ហើយត្រូវបានម៉ាឡេស៊ីព្យាបាលជា រយៈពេល៧២ម៉ោង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា៖ «សង្ឃឹមថា ឯកឧត្តម ប្រាក់ សុខុន នឹងកោះហោះហៅអគ្គរដ្ឋទូតម៉ាឡេស៊ី ទៅធ្វើការបំភ្លឺលើរឿងនេះ ព្រោះឥឡូវ១កប៉ាល់អត់់មាននរណាមានជំងឺហ្នឹងសោះ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត ប្តីរបស់គាត់អត់ឆ្លង ហេតុអ្វីបានជាប្រពន្ធឆ្លង»

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន និងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពី លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail បានចេញប្រកាសជាថ្មីម្តងទៀតថា ស្រ្តីវ័យ៨៣ឆ្នាំជនជាតិអាមេរិកាំង មិនមានមេរោគកូរ៉ូណាថ្មីទៀតទេ ក្រោយពេលសម្រាកព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី។

សម្តេចតេជោ បានសម្តែងការសោកស្តាយចំពោះឥរិយាបទរបស់ម៉ាឡេស៊ី គឺលោកស្រីឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រពន្ធរបស់លោក អានវ៉ា អ៉ីប្រាហ៉ីម ដែលបានចេញមកប្រកាសថា ស្រ្តីម្នាក់ជនជាតិអាមេរិកអាយុ៨៣ឆ្នាំ មានឆ្លង វីរុសកូរ៉ូណាថ្មី។ សម្តេចបានចាត់ទុកថា ការប្រកាសដោយមិនច្បាស់លាស់នេះ បានដាក់បន្ទុកឱ្យកម្ពុជាខាតបង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ ដែលពលរដ្ឋកម្ពុជាមិនចាត់ទុកថារឿងនេះស្រាលទេ នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការលំបាកដែលយន្តហោះដឹកអ្នកដំណើរ Westerdam ពីកម្ពុជាទៅកាន់ប្រទេសមួយចំនួនក្នុងនោះមានប្រទេសតួកគីផងដែរ។ សម្តេចបានបញ្ជាក់ថា «ម៉ាឡេស៊ី ត្រូវទទួលខុសត្រូវចំពោះបញ្ហាវិបត្តិមនុស្សធម៌មួយនេះ ហើយនឹងកិត្តិយសរបស់កម្ពុជា នេះមិនមែនជាការជ្រែតជ្រែកចូលកិច្ចការផ្ទះក្នុងទេ»

សម្តេចក៏បញ្ជាក់ដែរថា ដោយសារការប្រកាសបែបនេះរបស់ម៉ាឡេស៊ី បានធ្វើឱ្យវៀតណាមមិនទទួលយកអ្នកដំណើរតាមនាវា Westerdam។ ដោយសារតែការប្រកាសរបស់ម៉ាឡេស៊ី ទើបធ្វើឱ្យមានអ្នកនៅលើនាវាត្រូវយឺតយ៉ាវក្នុងការត្រឡប់ទៅផ្ទះវិញ។

សម្តេចបានបន្តទៀតថា៖ «ឥឡូវម៉ាឡេស៊ី តើគិតយ៉ាងម៉េចអំពីបញ្ហាហ្នឹង មិនមែនកិត្តិយសសម្រាប់កម្ពុជាទេ ប៉ុន្តែជាកិត្តិយសរបស់ ៤១ជាតិសាសន៍ ក្នុងនោះអាមេរិកច្រើនជាងគេ។ អាមេរិកដល់៦៥០នាក់ឯណោះ ឥឡូវអាមេរិកប្រកាសថា អត់មាន (Covid-19) ទេរាប់ទាំងស្រ្តីម្នាក់នោះផង វេជ្ជសាស្រ្តអាមេរិកខ្លាំង»។ សម្តេចបន្តថា «យើងមិនមែនប្រកាសតែខ្លួនឯងឯណា អង្គការសុខភាពពិភពលោក ក៏ចូលរួមជាមួយយើង វិទ្យាស្ថានប៉ាស្ទ័រ ស្អីៗហ្នឹង គឺធ្វើជាក្រុមមិនមែនធ្វើការតែកម្ពុជាម្នាក់ឯងទេ ជាការគួរឱ្យសោកស្តាយ»

ទោះជាយ៉ាងនេះក្តីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាសឱ្យមានការប្រុងប្រយ័ត្ន កុំឱ្យជំងឺកូរ៉ូណាថ្មី ចូលមកទឹកដីកម្ពុជា ដោយត្រូវបន្តវិធានការដែលដាក់ចេញដោយក្រសួងពាក់ព័ន្ធ ហើយប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវមានការប្រុងប្រយ័ត្នខ្លួនឯង ប៉ុន្តែកុំឱ្យមានការភ័យខ្លាច។ សម្តេចបញ្ជាក់ថា៖ «នៅលើពិភពលោក គឺមានជំងឺភ័យខ្លាច និងការរើសអើង»