(កណ្តាល)៖ ដើម្បីចូលរួមលើកកម្ពស់ការយកចិត្ដទុកដាក់ និងរួមគ្នាកាត់បន្ថយអត្រាមរណភាពចំពោះមាតា ទារក និងកុមារ នៅទូទាំងប្រទេស ឱ្យមានសុខភាពប្រកបដោយធនធានមនុស្សដ៏រឹងមាំ, នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ស្ដ្រីមានផ្ទៃពោះ និងទើបសម្រាលកូនរួចប្រមាណ៤០០នាក់ រស់នៅក្នុងខេត្ដកណ្ដាល។

ពិធីចុះសំណេះសំណាលចុះសួរសុខទុក្ខនេះ បានប្រព្រឹត្ដទៅនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ហើយក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី និងថ្នាក់ដឹកនាំអមដំណើរ ក៏បានចុះសួរសុខទុក្ខអ្នកជំងឺ ដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកនេះ ជាង១០០នាក់ ដោយភ្ជាប់ជាមួយនឹងអំណោយ និងថវិកាមួយចំនួនផងដែរ។

ទន្ទឹមនឹងនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះក្ដីស្រលាញ់ និងនឹករលឹកជាពន់ពេក ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសផ្ដល់សារអំពាវនាវដល់ស្រ្ដីមានផ្ទៃពោះ និងទើបសម្រាលកូនរួច ត្រូវចេះស្វែងយល់ និងយកចិត្ដទុក្ខដាក់ខ្ពស់ចំពោះសុខភាពជាចម្បង ដើម្បីផ្ដល់ ការមើលថែរក្សាកូន និងខ្លួនប្រកបដោយសុខសុវត្ថិភាព ទាំងមុន និងក្រោយសម្រាលរួច រហូតដល់កូនអាយុ២ឆ្នាំ ដើម្បីស្របទៅនឹងប្រធានបទ «សុខភាពកុមារកម្ពុជានាពេលអនាគត» ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅក្នុងឆ្នាំ២០២០នេះ។

លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី ក៏បានថ្លែងបន្ដថា បងប្អូនប្រជាពលរដ្ឋយើងឃើញថា បច្ចុប្បន្ននេះ ប្រទេសជាតិយើងមានសុខសន្ដិភាព ប្រជាពលរដ្ឋរស់នៅយ៉ាងសប្បូរសប្បាយ និងមានសុខសាន្ដនេះ បានធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យ សូម្បីតែវិស័យសុខាភិបាល ក៏កាន់តែទំនើបទាំងឧបករណ៍ និងសំណង់អគារ ជាពិសេសមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ស្ថិតនៅជិតផ្ទះតែម្ដង ដែលបានផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋយើង អាចមកពិនិត្យសុខភាព និងសម្រាលកូន ប្រកបដោយសុវត្ថិភាព។

ដូច្នេះ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែយកចិត្ដទុក្ខដាក់ខ្ពស់ទៅលើសុខទុក្ខពលរដ្ឋ ជាពិសេស ស្ដ្រីមានផ្ទៃពោះ និងទើបសម្រាលកូនរួច។ ដោយអំពាវនាវដល់ស្ដ្រីមានផ្ទៃពោះទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងឆ្មបជំនាញ នៅមណ្ឌលសុខភាព មន្ទីរពេទ្យដែលនៅជិតផ្ទះ ឱ្យបានទៀងទាត់យ៉ាងតិចចំនួន៤ដង ទៅតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ជាពិសេសស័្មគ្រចិត្ដធ្វើតេស្ដឈាម ដើម្បីពិនិត្យស្ថានពភាពមេរោគអេដស៍ និងស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងពីម្ដាយទៅកូន។

ពេលសម្រាលកូន សូមទៅសម្រាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ហើយត្រូវពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។

លើសពីនោះ សូមបំបៅទារកដោយទឹកដោះម្ដាយតែមុខគត់ ចាប់ពីពេលទារកកើតភ្លាម រហូតដល់ទារកមានអាយុ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្ដបំបៅទឹកដោះម្ដាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។ បើកូនមានបញ្ហាសុខភាព សូមប្រញាប់យកកុមារ ឬទារកទៅមន្ទីរពេទ្យភ្លាមៗ។

ជាមួយគ្នានោះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានថ្លែងអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការបុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្ដគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាល តាមការកំណត់ និងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្ដរជាតិ សូមបន្ដជួយវិនិយោគគំាទ្រ ដល់ការងារសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។

ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខស្ដ្រីមានផ្ទៃពោះ-ទើបសម្រាលកូន រួមទាំងអ្នកជំងឺ និងបុគ្គលិកនៃមន្ទីរពេទ្យសរុប ៥២៩នាក់ កាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៤០០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ កន្សែង២) និងថវិកា ១០ម៉ឺនរៀល។

ក្នុងនោះផ្តល់ជូនស្ត្រីទើបសម្រាលកូន ត្រៀមសម្រាល និងអ្នកជំងឺ ៦៤នាក់ សម្រាកនៅតាមបន្ទប់ ក្នុងម្នាក់ៗទទួលបានមុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ កន្សែង២ មី១កេស ត្រីខ១០កំប៉ុង ស្ករស២គីឡូក្រាម ទឹកដោះគោប្រអប់១២ប្រអប់តូច និងថវិកា១០ម៉ឺនរៀល, សម្រាប់បុគ្គលិកពេទ្យ និងកម្មករ ៦៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល។

សូមជម្រាបថា វឌ្ឍនភាពដែលសម្រេចបាននៅកម្ពុជាកន្លងមកនេះ ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ ធ្វើឱ្យប្រទេសកម្ពុជា មានឈ្មោះល្បីល្បាញ ជាប្រទេសមួយក្នុងចំណោម ប្រទេសដែលសម្រេចបានលទ្ធល្អបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រាប់បញ្ជូលទាំងការសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សរ៍ ដែលពាក់ព័ន្ធនៅឆ្នាំ២០១៥ផងដែរ។

បច្ចុប្បន្ននេះ ម្ដាយ និងកុមារ កាន់តែច្រើននាក់ជាងមុន អាចទទួលបានសេវាថែទាំផ្ទៃពោះ និងសេវាថែទាំក្រោយសម្រាលកាន់តែប្រសើរជាងមុន ទារកកាន់តែច្រើនជាងមុន ដែលសម្រាលដោយឆ្មបជំនាញ ហើយមានកុមារកាន់តែច្រើននាក់ថែមទៀត បានទទួលថ្នាំបង្ការគ្រប់គ្រាន់៕